ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់មន្ត្រីថ្មី ដែលទើបតែបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ថា “ការងារឆ្ពោះទៅមុខមានច្រើន និងមិនងាយស្រួលពេកនោះទេ”
មានប្រសាសន៍ទៅកាន់ សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ដែលទើបតែបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ហើយបានចាប់ប៉ុស្តិ៍នៅក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពីទំហំការងារ និងទំនួលខុសត្រូវរបស់មន្ត្រីរាជការនៅក្រសួងមុខងារសាធារណៈ ទាំងអស់ថា “ការងារចំពោះមុខមានច្រើន ហើយមិនងាយស្រួលពេកនោះទេ”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ នៅក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច លើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រី នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងពិធីចុះអនុស្សរណៈ បានអញ្ជើញសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សក្រមការ ដែលបានចាប់ប៉ុស្តិ៍ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច សរុបចំនួន ៣៩រូប ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា មិនថាមន្ត្រីថ្មីដែលទើបបញ្ចប់ការសិក្សា មន្ត្រីដែលកំពុងបំពេញការងារ ឬក៏មន្ត្រីថ្មី មន្ត្រីចាស់នោះទេ សំខាន់ការងារដែលអនុវត្តន៍ជាមួយគ្នា ត្រូវតែធ្វើឡើងក្នុងស្មារតី ជវភាព នៃប្រព័ន្ធតួអង្គតែមួយ ពោលគឺការសហការការងារជាមួយគ្នា ឆ្ពោះទៅកាន់ការសម្រេចនូវសមិទ្ធផលរួម ដើម្បីក្រសួង ដើម្បីប្រទេសជាតិ និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕