ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ នឹងរៀបចំប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ចំនួន ៤៤១កន្លែង


បន្ទាប់ពីឆ្លងកាត់ការជម្រុះ លើវិញ្ញាសាសរសេរលើកទី១ បេក្ខជនចំនួន ១៣៧៩នាក់ នឹងត្រូវចូលរួមការប្រឡងប្រជែងគ្នា ដើម្បីក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា វិញ្ញាសាសរសេរលើកទី២ នៅថ្ងៃស្អែក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


ស្របជាមួយនឹងការរៀបចំនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានចុះពិនិត្យមើលទីតាំងជាក់ស្តែង ដើម្បីធានាដល់ដំណើរការប្រព្រឹត្តទៅនៃការប្រឡងប្រជែងប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ ដែលជាទម្លាប់ការងាររបស់គណៈកម្មការរៀបចំការប្រឡងប្រជែង។


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមយកឱកាសនេះ ជូនពរដល់បេក្ខជនទាំងអស់ ដែលនឹងចូលរួមការប្រឡងនៅថ្ងៃស្អែក សូមទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងសូមរក្សាសុខភាពឱ្យបានល្អ ព្រមទាំងត្រៀមខ្លួនចូលរួមប្រឡងដោយអនុវត្តន៍តាមបទប្បញ្ញត្តិ និងការណែនាំរបស់ការប្រឡងប្រជែងឱ្យបានគ្រប់ៗគ្នា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១