ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមក្រាបថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជវរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា

អត្ថបទសង្ខេប៖



ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តមសិរីជយាភិរម្យនៃព្រះរាជពិធីចម្រើនព្រះជន្មាយុគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា នាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារសាធារណៈ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ នឹងគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ ដែលជានិច្ចកាល ព្រះអង្គទ្រង់បានបំពេញព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមក្នុងព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យប្រកបដោយទសពិធរាជធម៌ ព្រះគតិបណ្ឌិតវាងវៃ ព្រះរាជ ហឫទ័យសណ្តោសដ៏ថ្លៃថ្លា នាំមកនូវភាពសុខដុមក្នុងសង្គម ជាពិសេសការពង្រីក និងលើកកម្ពស់កិត្យានុភាពឱ្យកាន់តែល្បីសុះសាយទាំងនៅក្នុងតំបន់ និងលើសកលលោក។


ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គប្រោះព្រំប្រោសប្រទានព្រះរាជសព្ទសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់យូរអង្វែងនៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ ដ៏ក្សេមក្សាន្ត ត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍តរៀងទៅ។


សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវកិច្ចដ៏ស្មោះស្ម័គ្រ និងខ្ពង់ខ្ពស់បំផុតស្មើជីវិតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕

ចំនួនអ្នកទស្សនា៖​ 77 Views

ត្រទ្បប់ក្រោយ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១