ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាការងារបច្ចេកទេស ក្នុងការរៀបចំនិយាមនីតិវិធីប្រតិបត្តិស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីបច្ចេកទេសសុខាភិបាល


នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារ របស់ក្រុមការងារបច្ចេកទេស នៃ គ.វ.រ. ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិកអចិន្រ្តៃយ៍ និងសមាជិកក្រុមការងារនានា នៃ គ.វ.រ. ជាច្រើនរូប។


កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើសេចក្តីព្រាងលើកទី២ នៃអនុក្រឹត្យ និងនិយាមនីតិវិធីប្រតិបត្តិស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីបច្ចេកទេសសុខាភិបាល។ ក្នុងនោះអង្គប្រជុំបានពិភាក្សាផ្តល់មតិយោបល់យ៉ាងលម្អិតទៅលើចំណុចសំខាន់ៗដែលមាននៅក្នុងសេចក្តីព្រាងរួមមានដូចជា៖ ១)កំណត់កែសម្រួលមូលបទយោង ២)កំណត់កែសម្រួលមុខងារ តួនាទីភារកិច្ច ខ្លឹមសារ នៅក្នុងជំពូកនីមួយៗ និង ៣)ផ្សេងៗ។


ជាចុងក្រោយ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការអនុវត្តភារកិច្ចប្រកបដោយស្មារតី គុណភាព ប្រសិទ្ធភាព និងបានកំណត់ឱ្យក្រុមការងារជំនាញរៀបចំកែសម្រួលទៅតាមស្មារតីអង្គប្រជុំ ដើម្បីកំណត់ស្តង់ដារួម ដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យនិងសម្រេច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១