…សូមគោរពជម្រាបសួរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាងខ្ញុំ សូមជ្រើសរើសយកក្រសួងមុខងារសាធារណៈ ដើម្បីបំពេញការងារ…”


នេះជាប្រយោគដែលថ្លែងដោយសិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ក្នុងពិធីជ្រើសរើសកន្លែងបំពេញការងាររបស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងសិស្សក្រមការជំនាន់ទី១០ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។


សាលាភូមិន្ទរដ្ឋបាល បានបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩២នាក់ ដោយធ្វើការបែងចែកជា ៣ជំនាញ៖ ជំនាញរដ្ឋបាលសាធារណៈ ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជំនាញទំនាក់ទំនងអន្តរជាតិ ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល ២ឆ្នាំ។ ទន្ទឹមនេះ សាលាក៏បានបណ្តុះបណ្តាលសិស្សមន្ត្រីក្រមការជំនាន់ទី១០ ចំនួន ១១៥នាក់ ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល ១ឆ្នាំ។ ការបណ្តុះបណ្តាលទាំង២ នេះ មានរួមបញ្ចូលដោយការចុះធ្វើកម្មសិក្សា ការសរសេររបាយការណ៍ និងការការពាររបាយការណ៍។


ថ្ងៃនេះ ទាំងសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ដែលបានបញ្ចប់ការបណ្តុះបណ្តាលដូចបានរៀបរាប់ខាងលើ បានជ្រើសរើសទីកន្លែងបំពេញការងាររបស់ខ្លួនម្តងម្នាក់ៗដោយផ្ទាល់ ចំពោះមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តាមលំដាប់ពិន្ទុរបស់ខ្លួន និងតាមចំនួនក្របខណ្ឌដែលបានកំណត់៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១