“កេរដំណែលមួយសម្រាប់អ្នកជំនាន់ក្រោយ គឺមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលរឹងមាំ ខ្លាំង ស្អាតស្អំ វៃឆ្លាត ហើយកាន់តែទំនើប”
ព្រឹកនេះ មន្ទីរមុខងារសាធារណៈ មានកិត្តិយសដ៏ខ្ពង់ខ្ពស់បានទទួលការអញ្ជើញដ៏ឧត្តុង្គឧត្តម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ។
មានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈ ខេត្តសៀមរាប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរម្លឹកឡើងវិញ នូវចំណុចជាច្រើននៃការងារស្នូលរបស់ក្រសួងមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងត្រូវផ្តោតការយកចិត្តទុកដាក់ខ្លាំង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការងារកែទម្រង់មិនមែនជាភាសាថ្មីនោះទេ។ អ្វីដែលថ្មី គឺយើងបន្តឆន្ទៈ ចូលរួមរែកពន់ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនៃការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសអនុលោមគោលការណ៍ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែលើកឡើងជាបន្តបន្ទាប់គឺ «ការរៀបចំផ្ទះរបស់យើងឱ្យស្អាត និងមានរបៀបរៀបរយ»។”
ពិធីសំណេះសំណាលថ្ងៃនេះត្រូវបានប្រព្រឹត្តទៅពោរពេញដោយអត្ថន័យ និងខ្លឹមសារប្រកបដោយចក្ខុវិស័យវែងឆ្ងាយសំដៅ ដល់ការត្រៀមខ្លួនជាបន្តបន្ទាប់ ដើម្បីអនុវត្តការងារឆ្ពោះទៅមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការងារឆ្ពោះទៅមុខ ជាពិសេសក្នុងអាណត្តិនេះ មានច្រើន ហើយប្រតិបត្តិករ ទាំងអស់ច្បាស់ជាហត់នឿយ។ តែការហត់នឿយទាំងអស់នេះហើយ ដែលបង្ហាញពីឧត្តមភាពមន្ត្រីរាជការរបស់យើងទាំងអស់គ្នា ក្នុងការរក្សាទុកកេរតំណែលដ៏ប្រពែដល់អ្នកជំនាន់ក្រោយនោះគឺ មានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលរឹងមាំ ខ្លាំង ស្អាតស្អំ វៃឆ្លាត ហើយកាន់តែទំនើប៕”