ម្សិលមិញប្រឡងចប់សព្វគ្រប់ ព្រឹកនេះចាប់ផ្តើមកែសន្លឹកកិច្ចការ


ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យរយៈពេល ៤ថ្ងៃ ត្រូវបានបញ្ចប់ដោយរលូន និងជោគជ័យ។ ព្រឹកនេះការកែសន្លឹកកិច្ចការបេក្ខជនបានចាប់ផ្តើម។ មានវត្តមាននៅមណ្ឌលកំណែ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការប្រឡងប្រជែង ដោយមានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំ ពិនិត្យដំណើរការកែសន្លឹកកិច្ចការ។


កំណែសន្លឹកកិច្ចការបានចាប់ផ្តើមនាវេលាម៉ោង ៧ និង១៥នាទី តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានាស្របតាមនិយាមនីតិវិធីប្រតិបត្តិនៅមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល។ កម្មវិធីព្រឹកនេះមានការអញ្ជើញចូលរួមជាមួយពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារអនុគណៈកម្មការជំនាញ អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាច្រើនរូប។


ឯកឧត្តមរដ្ឋលេខាធិការ បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ចូលក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលទើបតែបញ្ចប់(រយៈពេល៤ថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃទី២ ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤) ដោយសម្ងាត់ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិ និងស្របតាមគោលការណ៍កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១