ខណៈនេះគណៈមេប្រយោគ កំពុងរៀបចំតាក់តែងវិញ្ញាសាសម្រាប់ការប្រឡងប្រជែងគ្រូអនុវិទ្យាល័យ ថ្ងៃទី៤ ដែលជាថ្ងៃចុងក្រោយ


តើអ្នកដឹងទេថាបែបបទនៃការរៀបចំវិញ្ញាសាការប្រឡងប្រជែងត្រូវប្រព្រឹត្តទៅដូចម្តេចខ្លះ?


យោងតាមនិយាមនិតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល បែបបទនៃការរៀបចំវិញ្ញាសាសម្រាប់ការប្រឡងប្រជែងដូចខាងក្រោម៖


– សមាសភាពអនុគណៈកម្មការតាក់តែងវិញ្ញាសាត្រូវជ្រើសរើសចេញពីមន្ត្រីជំនាញ ជាន់ខ្ពស់នៃក្រសួង ស្ថាប័ន និងសាស្ត្រាចារ្យ/គ្រូបង្រៀនដែលមានជំនាញនៃគ្រឹះស្ថាន សិក្សា


– សម្រាប់ការរៀបចំវិញ្ញាសានីមួយៗត្រូវមានសមាសភាពអ្នកតាក់តែងវិញ្ញាសាយ៉ាងតិច ចំនួន ៣(បី)រូប


– វិញ្ញាសាសរសេរពាក់ព័ន្ធនឹងគុណវុឌ្ឍវិជ្ជាជីវៈត្រូវរៀបចំយ៉ាងតិចចំនួន ៣(បី)សម្រាប់ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ធ្វើការជ្រើសរើស


– វិញ្ញាសាដែលជាសំណួរពហុចម្លើយត្រូវរៀបចំឱ្យបានយ៉ាងហោចលើស ២០% (ម្ភៃ ភាគរយ) នៃចំនួនសំណួរត្រូវប្រឡងសម្រាប់គណៈកម្មការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល ធ្វើការជ្រើសរើស


– វិញ្ញាសាភាសាបរទេសត្រូវរៀបចំយ៉ាងតិច ២ (ពីរ)ជម្រើសសម្រាប់គណៈកម្មការរៀបចំ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ធ្វើការជ្រើសរើស


– ការកំណត់របៀបនៃការរៀបចំវិញ្ញាសាផ្សេងទៀតត្រូវសម្រេចដោយគណៈកម្មការរៀបចំ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល


– អ្នកតាក់តែងវិញ្ញាសាត្រូវរៀបចំអត្រាកំណែសម្រាប់វិញ្ញាសានីមួយៗក្នុងថ្ងៃតែមួយ បន្ទាប់ពីវិញ្ញាសាត្រូវបានចាត់ចែងដាក់ឱ្យបេក្ខជនធ្វើការប្រឡង


– អ្នកតាក់តែងវិញ្ញាសាមិនត្រូវចូលរួមជាអ្នកកែសន្លឹកកិច្ចការរបស់បេក្ខជនឡើយ ប៉ុន្តែ អាចចូលរួមជាអ្នកផ្តល់យោបល់លើអត្រាកំណែ។


សូមជម្រាបថា សម័យប្រឡងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជនសរុបចំនួន ៨,៤៦៥នាក់ ចែកចេញជា ២វេន៖


-វេនទី១ ចាប់ពីម៉ោង១២ដល់ ម៉ោង២រសៀល សម្រាប់បេក្ខជនជ្រើសរើសមុខវិជ្ជាឯកទេស គណិតវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ+១) ចំនួន ៥៩៣នាក់ និងគីមីវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+៤) ចំនួន ២,៥០៣នាក់។


– វេនទី២ ចាប់ពីម៉ោង៤ រសៀល ដល់ម៉ោង ៦ល្ងាច បេក្ខជនដែលជ្រើសរើសមុខវិជ្ជាឯកទេស ប្រវត្តិវិទ្យា-ភូមិវិទ្យា(ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន ៥,៣៦៩នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១