អបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ខួបលើកទី៣១ (៣ ឧសភា ១៩៩៣ – ៣ ឧសភា ២០២៤)


អ្នកសារព័ត៌មានតែងតែបានចូលរួមជាផ្នែកដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីវិស័យមុខងារសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកសារព័ត៌មានបានចូលរួមផ្សព្វផ្សាយសកម្មភាពការងារ និងលើកកម្ពស់ឧត្តមភាពមន្ត្រីរាជការ ព្រមទាំងជាអ្នកនាំសារ ឬផ្តល់ព័ត៌មាននានាជូនដល់សាធារណជន ក៏ដូចជាការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈបាន និងកំពុងធ្វើ ជាពិសេសការផ្តល់ព័ត៌មានទាន់ហេតុការណ៍ មានខ្លឹមសារ និងគ្រប់ទិដ្ឋភាពនៃដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ តាមរយៈការផ្សព្វផ្សាយទាំងអស់នេះ អ្នកសារព័ត៌មានបានក្លាយជាចលករដ៏សំខាន់ក្នុងការផ្លាស់ប្តូរផ្នត់គំនិតមហាជនជាវិជ្ជមាន តាមរយៈការបង្ហាញតថភាពជាក់ស្តែងនៃដំណើរការការងារ និងចេតនាសុច្ចរិតពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការការងារកែទម្រង់រដ្ឋបាលសាធារណៈ ការផ្តល់ឱកាសស្មើៗគ្នា ប្រកបដោយតម្លាភាព និងយុត្តិធម៌ ជូនយុវជន និងសាធារណជននេះ។


ក្រសួងមុខងារសាធារណៈ សូមកោតសរសើរចំពោះទឹកចិត្ត និងកិច្ចសហការដ៏ស្អិតរមួតនេះ ហើយជឿជាក់ថាអ្នកសារព័ត៌មានទាំងអស់នឹងយកឱកាសនេះ បន្តចូលរួមជាមួយគ្នា ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ព័ត៌មានដែលត្រឹមត្រូវ មានក្រមសីលធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។


ក្រសួងមុខងារសាធារណៈ សូមចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ខួបលើកទី៣១ (៣ ឧសភា ១៩៩៣ – ៣ ឧសភា ២០២៤) ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន”៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១