ក្រសួងមុខងារសាធារណៈសូមចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា

ទិវាពលកម្មអន្ដរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់កម្មករនិយោជិត ដែលត្រូវបានប្រារឰជារៀងរាល់ឆ្នាំ។ ឆ្នាំនេះ រាជរដ្ឋាភិបាលបានចេញនូវសារាចរណែនាំ និងសារលិខិត ដើម្បីបំផុសលើកទឹកចិត្ត និងប្រគល់ភារកិច្ចជូនគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងនិយោជក និយោជិតខ្មែរ និងបរទេស និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។
“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយ នៅកន្លែងធ្វើការងារដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្មករនិយោជិត និងនិយោជក ចូលរួមអនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស។ ប្រធានបទនេះ គឺជាអនុសាសន៍ដែលបានលើកឡើងដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតកន្លងទៅ។
ការជ្រើសរើសប្រធានបទមួយនេះ គឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ។ រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច បង្កើតសហគ្រាសនឹងការងារ ជូនបងប្អូនប្រជាពលរដ្ឋនោះទេ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង សហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពផងដែរ៕