សិក្ខាសាលាទី៣ នៃការផ្សព្វផ្សាយនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ កំពុងដំណើរការក្នុងខេត្តកំពង់ស្ពឺ


ក្រសួងមុខងារសាធារណៈ និងគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីនីតិវិធីនិងវិធីសាស្រ្តនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល» ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។


សិក្ខាសាលាប្រព្រឹត្តឡើងនៅសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. តំណាងគណៈអភិបាលនិងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ប្រធាន សមាជិក សមាជិកានៃគណៈកម្មការវាយតម្លៃថ្នាក់ខេត្ត ក្រុង ស្រុក នាយក នាយិកានៃវិទ្យាល័យនិងសាលាមត្តេយ្យសិក្សា និងប្រធានមន្ទីរពេទ្យបង្អែកទូទាំងខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធ៍សាត់ និងខេត្តកំពង់ឆ្នាំង។


សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីឱ្យសិក្ខាកាមទាំងអស់ ជ្រាបជាព័ត៌មាន សម្រាប់ត្រៀមខ្លួនចូលរួមក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពសាធារណៈគំរូ ឆ្នាំ២០២៤។សិក្ខាសាលារយៈ ២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៤ ដោយមានការធ្វើបទបង្ហាញពីវាគ្មិនជាសមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. ចំនួន ៩មាតិការួមមាន៖ ១)ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ២)ស្ដង់ដាសេវាសាធារណៈ ៣)ស្ដង់ដា ឬនិយាមនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ឬវិស័យសុខាភិបាល ៤)ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងអង្គភាព ៥)ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សក្នុងអង្គភាព ៦)ការរៀបចំ និងកែលម្អបរិស្ថានក្នុងអង្គភាព ៧)ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ និងការដោះស្រាយបញ្ហាប្រឈម ៨)ការផ្ដួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ និង ៩)វេទិកាសំណួរចម្លើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១