គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ពិភាក្សាគ្នាលើការងារត្រួតពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន


ក្នុងក្របខណ្ឌគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពី«ការពិនិត្យ ពិភាក្សាអំពីដំណើរការនៃការត្រួតពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងមុខងារសាធារណៈ។


ក្នុងកិច្ចស្វាគមន៍ដើម្បីបើកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរម្លឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នាពេលកន្លងនេះ «ឱ្យក្រសួង ស្ថាប័នថ្នាក់ជាតិចូលរួម ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចភារកិច្ចក្នុងការរៀបចំរចនាសម្ព័ន្ធ ការវិភាគមុខងារ ក៏ដូចជាការត្រៀមរៀបចំមន្ត្រី ដើម្បីបំពេញសេចក្តីត្រូវការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។ ទន្ទឹមនឹងការណែនាំនេះ កិច្ចប្រជុំបច្ចេកទេសជាច្រើន ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។


កិច្ចប្រជុំនារសៀលនេះ មានបទបង្ហាញចំនួន៥ ស្តីពីការងារសំខាន់ៗសម្រាប់ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារជូនអង្គប្រជុំ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមុខងារសាធារណៈ រួមមាន៖ ១).ទស្សនាទានអំពី ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ ២).សេចក្តីព្រាងសេចក្តីណែនាំអំពីការ ត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងាររបស់ក្រសួង-ស្ថាប័ន ៣).ការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរបស់ក្រសួង ស្ថាប័ន ៤).ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរបស់គ្រឹះស្ថានអប់រំមូលដ្ឋាន និងអង្គភាពសុខាភិបាលមូលដ្ឋាននិង ៥).យន្តការសម្របសម្រួលនិងគាំទ្រដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ។ ក្រោយបានស្តាប់បទបង្ហាញ អង្គប្រជុំបានចូលរួមមតិយោបល់យ៉ាងផុលផុស ក្នុងន័យប្រមូលធាតុចូល សម្រាប់រៀបចំ កែលម្អ និងធ្វើបច្ចុប្បន្នភាពលើឯកសារគោលនៃដំណើរការនៃការត្រួតពិនិត្យឡើងវិញ និងវិភាគមុខងារ រចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ឱ្យមានសង្គតភាព ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅការងារជាអាទិភាព និងជាផ្នែកមួយនៃវិធានគន្លឹះទី២ ដែលដាក់ចេញដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រីក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។


មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ បានលើកឡើងថា “ការងារកែទម្រង់ មិនមែនជារឿងងាយស្រួលនោះទេ ហើយដែលនឹងអាចផ្តល់ផលជះជាវិជ្ជមាន និងអវិជ្ជមានដោយកត្តាណាមួយ។ តែអ្វីដែលសំខាន់ និងចាំបាច់បំផុតនោះ គឺការការកែទម្រង់ដែលធានានូវការផ្តល់ផលប្រយោជន៍រួមជាវិជ្ជមាន ប្រកបដោយប្រសិទ្ធភាពសម្រាប់ជាតិ និងប្រជាជន ស្របតាមបរិបទបច្ចុប្បន្នផង និងដើម្បីធានាភាពធន់នៃរដ្ឋបាលសាធារណៈក្នុងនិរន្តរភាពយូរអង្វែងផង។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “ការងារកែទម្រង់ទាមទារទស្សនវិស័យ និងឆន្ទៈនយោបាយខ្ពស់ នៃតួអង្គដឹកនាំ ហើយត្រូវការឱ្យមានការចូលរួមទាំងអស់គ្នាក្នុងការប្តេជ្ញាចិត្តប្រកបដោយភាពស្មោះត្រង់ និងការលះបង់ខ្ពស់។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះអរគុណដល់ឯកឧត្តម លោកជំទាវក៏ដូចជាក្រុមការងារអន្តរក្រសួង នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបានចូលរួមមតិយោបល់ ត្រង់ទៅត្រង់មក ដែលជាធាតុចូលដ៏សំខាន់ និងអរគុណដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈដូចគ្នាដែរ ដែលបានសិក្សា ស្រាវជ្រាវ ពិភាក្សា និងផលិតបានជាឯកសារនៃសេចក្តីព្រាងដ៏មានសារៈសំខាន់។


កិច្ចប្រជុំរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នារសៀលនេះ បានបង្ហាញយ៉ាងច្បាស់នូវការគិតគូរពិចារណាលើអនាគតរបស់កម្ពុជា ស្របតាមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការរៀបចំផ្ទះរបស់យើងឱ្យបានស្អាត និងមានរបៀបរៀបរយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១