គណៈកម្មការរៀបចំការប្រឡងប្រជែង ប្រជុំលម្អិតការងារឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ


ខណៈពេលដែលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នេះ គណៈកម្មការរៀបចំការប្រឡងប្រជែងដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានប្រជុំពិនិត្យពិភាក្សាលម្អិត ពីការត្រៀមលក្ខណៈឆ្ពោះទៅកាន់ដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣។


នៅក្នុងកិច្ចប្រជុំនារសៀលនេះ អង្គប្រជុំបានពិនិត្យពិភាក្សាទៅលើការងារសំខាន់ៗរួមមាន៖ ១)កំណត់បែងចែកប្លង់បន្ទប់នៅតាមមណ្ឌលប្រឡងទាំង៣ ២)ការរៀបចំវិញ្ញាសាប្រឡង ៣)ការរៀបចំសម្ភារគាំទ្រ និងអាហារសម្រាប់ក្រុមការងារ ៤)ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងការសង្រ្គោះបន្ទាន់ក្នុងមណ្ឌលប្រឡង ៥)ការរៀបចំបែងចែកកំណត់សមាភាពក្រុមការងារទទួលបន្ទុកនីមួយៗ ៦)ការរៀបចំសេចក្តីជូនដំណឹង សេចក្តីណែនាំ បទប្បញ្ញត្តិ និងបម្រាមនានាដល់បេក្ខជន ៧)ការត្រៀមរៀបចំក្រុមការងារផ្តល់ព័ត៌មាន និងបញ្ជរផ្តល់ព័ត៌មានដល់បេក្ខជននៅក្នុងមណ្ឌលប្រឡង។


សូមជម្រាបផងដែរថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ មានបេក្ខជនចូលរួមប្រឡងប្រជែងចំនួន ៣៣,៣១៤នាក់ ហើយក្នុងនោះកាលបរិច្ឆេទប្រឡងមានរយៈពេល ចំនួន ៤ថ្ងៃ ពោលចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង ចំនួន ៣ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១