គណៈកម្មការរៀបចំការប្រឡងប្រជែង ប្រជុំកម្រិតបច្ចេកទេសស្តីពីការបែងចែកអនុគណៈកម្មការនានា សម្រាប់ដំណើរការឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ(ដំណាក់កាលទី១ សម្រាំងបេក្ខជន) នាពេលខាងមុខ


ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិភាក្សាសម្រេចលើសមាសភាពថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន និងសមាជិកនៃអនុគណៈកម្មការនានា សម្រាប់ដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ(ដំណាក់កាលទី១ សម្រាំងបេក្ខជន) ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដែលមានការចូលរួមពីប្រធាន អនុប្រធានអនុគណៈកម្មការនានា និងមន្រ្តីជំនាញពាក់ព័ន្ធ ជាច្រើនរូប។


អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុសទៅលើការរៀបចំអនុគណៈកម្មការនានា ក៏ដូចជាការបង្កើតអនុគណៈកម្មការផ្សេងៗបំពេញបន្ថែម ដើម្បីសម្របសម្រួលការប្រឡងប្រជែងឱ្យស្របទៅតាមបរិមាណនៃបេក្ខជនចូលរួមប្រឡងប្រជែង រួមទាំងស្ថានភាពតម្រូវការជាក់ស្តែងនៃការប្រឡងរយៈពេល៤ថ្ងៃនាពេលខាងមុខ។


បញ្ជាក់៖ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ(ដំណាក់កាលទី១ សម្រាំងបេក្ខជន)នឹងប្រព្រឹត្តទៅមានរយៈពេល ៤ថ្ងៃគឺ៖


-ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ


-ថ្ងៃទី៣ ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១