ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា


នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមាជិករាជបណ្ឌិតសភាកម្ពុជា ព្រឹទ្ធសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ប្រធានមជ្ឈមណ្ឌលសិក្សាអំពីខ្មែរ និងជាសាស្ត្រាចារ្យថ្នាក់ខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីព្រឹក ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។


មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជាការបាត់បង់យ៉ាងធំធេងនូវស្វាមី និងឪពុក ប្រកបដោយគុណធម៌ និងព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែលបានចិញ្ចឹម បីបាច់ថែរក្សា អប់រំ និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារទាំងមូល។ ការឃ្លាតចាកទៅរបស់ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ក៏ជាការ បាត់បង់ដ៏គួរឱ្យសោកស្តាយបំផុតនូវបញ្ញវន្តឆ្នើមមួយរូបផ្នែកប្រវត្តិសាស្ត្រ និងខេមរវិទ្យាដែលបានរួមចំណែកយ៉ាង សំខាន់ក្នុងការកសាងធនធានមនុស្សនៅកម្ពុជាតាមរយៈការអប់រំបណ្តុះបណ្តាលនិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ក៏ដូចជាតែងតែបានចែករំលែកពុទ្ធិដល់សាធារណជនទូទៅឱ្យបានស្វែងយល់ពីគុណតម្លៃនៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ និងវឌ្ឍនភាពរបស់សង្គមជាតិកម្ពុជាផងដែរ។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយលោកជំទាវ អ៊ុំ ថារ៉ាន់ និងក្រុមគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


ពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋាននៅផ្ទះលេខA០១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១