ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ត្រូវប្រើប្រាស់រយៈពេល ៤ថ្ងៃ និងប្រើប្រាស់មណ្ឌលប្រឡងចំនួន៣


នៅក្នុងកិច្ចប្រជុំពិភាក្សាលើការពិនិត្យវឌ្ឍនភាពការងារនៃដំណើរការការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្រុមការងារបានរាយការណ៍អំពីចំនួនបេក្ខជនដែលត្រូវបានអនុញ្ញាតចំនួន ៣៣,៣១៤នាក់។ តាមរយៈកិច្ចប្រជុំនេះ គណៈកម្មការបានកំណត់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យដំណាក់កាលទី១ សម្រាប់ជ្រើសសម្រាំង ត្រូវប្រើប្រាស់រយៈពេល ៤ថ្ងៃ និងមណ្ឌលប្រឡងចំនួន៣ ដើម្បីសម្របខ្លួនទៅតាមបេក្ខជនដែលមានចំនួនច្រើន។


មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការការប្រឡងប្រជែង “ចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ បានការឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមផងដែរថា លទ្ធផលនៃការជឿទុកចិត្តនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ ជាពិសេសសមាជិក សមាជិកា នៅក្នុងគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង។ តាមរយៈ របាយការណ៍ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំហំការងារ ការគិតគូរ គ្រប់ជ្រុងជ្រោយ និងគ្រប់ទិដ្ឋភាព ទៅលើដំណើរការរៀបចំការប្រឡងជារួម ទាំងការគិតគូរ លើការងារបច្ចេកទេស និងការគិតគូរផ្សេងៗ ជាពិសេសលើចំនួនបេក្ខជនដាក់ពាក្យប្រឡង ការរៀបចំដំណើរការប្រឡងតាមថ្ងៃ តាមមណ្ឌល តាមមុខវិជ្ជា និងតាមទីតាំងភូមិសាស្ត្រ ខេត្តរបស់បេក្ខជន។ ទោះបីការងារនេះ មានទំហំធំ និងមមាញឹក ប៉ុន្តែក្រុមការងារ ពិតជាបានរៀបចំ និងត្រៀម ខ្លួនរួចរាល់សម្រាប់ការប្រឡងខាងមុខ។


សូមជម្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងជូនដំណឹងលម្អិតជុំវិញការប្រឡងប្រជែងក្នុងពេលឆាប់ៗខាងមុខនេះ និងសូមបន្តតាមដានការផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងនានា ពីបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១