ប្រតិភូក្រសួងមុខងារសាធារណៈ រាយការណ៍អំពីវឌ្ឍនភាពការងារ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន


ឯកឧត្តម រោង ឈង រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានចូលកិច្ចប្រជុំស្តីពី “ការពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន” ក្រោមអធីបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ដោយមានវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។


កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងតាមដានវឌ្ឍនភាពការងារ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងការងារពាក់ព័ន្ធនានា ក្នុងការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ អង្គប្រជុំ បានធ្វើការពិភាក្សាយ៉ាងលម្អិត និងធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយពីគ្រប់តំណាងក្រសួង-ស្ថាប័ននីមួយៗ ដែលផ្តោតទៅលើកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានា រវាងកម្ពុជា-ចិន ដែលបាន និងកំពុងអនុវត្តទៅតាមចង្កោមសកម្មភាពទាំងអស់គ្របដណ្តប់គ្រប់វិស័យ។


ក្នុងនោះឯកឧត្តមរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានរាយកាណ៍ពីវឌ្ឍនភាពពាក់ព័ន្ធជាមួយកិច្ចសហប្រតិបត្តិការរវាងស្ថាប័នមុខងារសាធារណៈកម្ពុជា-ចិន ដោយបានសម្រេចនូវកិច្ចការមួយចំនួនរួមមាន៖ ១)-ការផ្តាស់ប្តូរទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ និងការអភិវឌ្ឍផ្នែករឹង (Hardware) នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ICT ២)-ស្នើសុំបន្តរកិច្ចសហការគាំទ្រដល់ផែនការសកម្មភាព ICT តំណាក់កាលទី២ នាពេលខាងមុខដែលជាកាតាលីករសំខាន់មួយជួយពន្លឿនការអនុវត្តគោលនបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។


ជាចុងបញ្ចប់ អង្គប្រជុំបានសាទរ ចំពោះលទ្ធផលសម្រេចបាននាពេលកន្លងមក និងមានគាំទ្រចំពោះផែនការបន្តសម្រាប់ការអនុវត្តនាពេលខាងមុខ ដើម្បីលើកតម្កើងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្ពោះទៅកាន់សហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១