ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ នៅខេត្តកំពង់ចាម
ខណៈពេលដែលការវាយតម្លៃ និងទទួលស្គាល់អង្គភាពសាធារណៈគំរូ ឆ្នាំ២០២៤ កំពុងដំណើរការ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» ។ សិក្ខាសាលានេះមានការចូលរួមជាគណៈធិបតីដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. រួមជាមួយវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
សិក្ខាសាលានាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. តំណាងគណៈអភិបាលនិងក្រុមប្រឹក្សាខេត្តកំពង់ចាម ប្រធាន សមាជិក សមាជិកានៃគណៈកម្មការវាយតម្លៃថ្នាក់ខេត្ត ក្រុង ស្រុក នាយក នាយិកានៃវិទ្យាល័យនិងសាលាមត្តេយ្យសិក្សា និងប្រធានមន្ទីរពេទ្យបង្អែកទូទាំងខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
សិក្ខាសាលានេះ មានគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីឱ្យសិក្ខាកាមទាំងអស់ ជ្រាបជាព័ត៌មាន សម្រាប់ត្រៀម ចូលរួមក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពសាធារណៈគំរូ ឆ្នាំ២០២៤ តាមរយៈការធ្វើបទបង្ហាញ ដោយសមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ.។ មាតិកាចំនួន៨ ដែលបានបង្ហាញរួមមាន៖ ១)ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ២)ស្ដង់ដាសេវាសាធារណៈ និងការផ្ដួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ៣)ស្ដង់ដា ឬនិយាមនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ឬវិស័យសុខាភិបាល ៤)ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងអង្គភាព ៥)ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សក្នុងអង្គភាព ៦)ការរៀបចំ និងកែលម្អបរិស្ថានក្នុងអង្គភាព ៧)ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ និងការដោះស្រាយបញ្ហាប្រឈម និង ៨)វេទិកាសំណួរ និងចម្លើយ៕