ឯកឧត្តម ហ៊ុន ម៉ានី រំលេចសមិទ្ធផលសំខាន់ៗចំនួន៧ចំណុច របស់ក្រសួងមុខងារសាធារណៈ


មានប្រសាសន៍ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ» នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលេចសមិទ្ធផលសំខាន់ៗចំនួន៧ ជូនទៅដល់អង្គសន្និបាត រួមមាន៖


១. ក្រសួងបានធ្វើការពិនិត្យនិងវាយតម្លៃឡើងវិញរចនាសម្ព័ន្ធអង្គភាព និងមុខងាររបស់ខ្លួន ហើយបានធ្វើការកែទម្រង់ផ្ទៃក្នុងក្រសួង ដោយបានរៀបចំរចនាសម្ព័ន្ធក្រសួងឡើងវិញ ដើម្បីឱ្យសមស្របទៅនឹងអាទិភាពការងារ គោល នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយអង្គភាពខ្លះត្រូវបានច្របាច់បញ្ចូលគ្នា ដូចជា អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានកិច្ចការទូទៅ ត្រូវបានបញ្ចូលគ្នាទៅជាអគ្គលេខាធិការដ្ឋានរបស់ក្រសួង អង្គភាពខ្លះត្រូវបានលុបចេញ និងខ្លះទៀតត្រូវបានកែប្រែ ដោយផ្នែក ឬ ទាំងស្រុង។ ការកែសម្រួលនេះត្រូវបានអនុវត្តឈរលើមូលដ្ឋាន នៃការវិភាគមុខងាររបស់ក្រសួងក៏ដូចជាការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ អង្គភាព មុខងារ និងរំហូរការងាររបស់គ្រប់អង្គភាពចំណុះ គួបផ្សំនឹងបទពិសោធន៍ នៃការអនុវត្តការងារកន្លងមកដោយផ្អែកលើរចនាសម្ព័ន្ធពីមុន បញ្ហាប្រឈម និងការលំបាកនានាដែលមន្ត្រី និងអង្គភាពជួបប្រទះ និងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារកាត់បន្ថយនីតិវិធី និងការសម្របសម្រួលមិនចាំបាច់ផ្សេងៗ និងបង្កើនការទទួលខុសត្រូវរបស់អង្គភាពនីមួយៗ។ ជាលទ្ធផលនៃការកែសម្រួលរចនាសម្ព័ន្ធនេះ ការបំពេញការងាររបស់មន្ត្រីតាមអង្គភាពមានភាពរលូន និងកាន់តែមានប្រសិទ្ធភាព។ លើសពីនេះ ក្រសួងក៏បានធ្វើការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ និងមន្ត្រី ទាំងកម្រិតនយោបាយ និងបច្ចេកទេសឱ្យស្របនឹងការកែសម្រួលរចនាសម្ព័ន្ធក្រសួង ក៏ដូចជា តួនាទី ភារកិច្ច និងបេសកកម្មរបស់ក្រសួង ជាពិសេសបេសកកម្ម ក្នុងការអនុវត្ត វិធានការគន្លឹះទាំងបី ព្រមទាំងមានរបបប្រជុំត្រួតពិនិត្យនិងរាយការណ៍ជាទៀងទាត់ ដើម្បីពិភាក្សា ដោះស្រាយបាន ទាន់ពេលវេលានូវបញ្ហាប្រឈមនានា និងធានានូវប្រសិទ្ធភាពការងារ។ ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈក្នុងនាមជាលេខាធិការដ្ឋាននៃគណៈ កម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងក្នុងនាមជាស្ថាប័នដឹកនាំនិងសម្របសម្រួលកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំយន្តការស្ថាប័នពេញលេញ និងសមស្របដើម្បីគាំទ្រដល់ដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ។ ការកែសម្រួលនិងការរៀបចំទាំងនេះត្រូវបានអនុវត្តដោយឆាប់រហ័ស និងទាន់ពេលវេលាស្របតាមការចង្អុលទិសរបស់សម្តេចមហាបវរធិបតី គឺ “រៀបចំផ្ទះខ្លួនយើងឱ្យរៀបរយជាមុនៗនឹងអនុវត្តការងារផ្សេងទៀត”។


២. ការគ្រប់គ្រងវិស័យមុខងារសាធារណៈត្រូវបានកែលម្អជាលំដាប់ តាមរយៈ ការដាក់ចេញជាបន្តបន្ទាប់នូវលិខិត បទដ្ឋានគតិយុត្តិពាក់ព័ន្ធ រួមជាមួយនឹងការពង្រឹងការគ្រប់គ្រងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ការគ្រប់គ្រង ការប្រែប្រួលស្ថានភាពរដ្ឋបាលនិងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល ការបើកផ្ដល់ប្រាក់បៀវត្ស ជូនមន្ត្រីរាជការ នៅ រៀងរាល់ពីរសប្តាហ៍ម្ដងទៅតាមប្រព័ន្ធធនាគារ ការរៀបចំដំឡើងប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ជាបន្តបន្ទាប់ ជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការរៀបចំដំឡើងរបបសន្តិសុខសង្គមប្រចាំខែ ជូននិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ព្រមទាំងការរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ការងារវិមជ្ឈការនិងវិសហមជ្ឈការក្នុងវិស័យមុខងារសាធារណៈ ពិសេសការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តមុខងារនិងការគ្រប់គ្រងមន្ត្រីរាជការ ដែលត្រូវបានផ្ទេរនៅក្នុងវិស័យអប់រំការលើកកម្ពស់សមភាពយេនឌ័រ និងជនមានពិការភាពការពង្រឹង អធិការកិច្ច មុខងារសាធារណៈ និងការងារទំនាក់ទំនងអន្តរជាតិ និងអាស៊ាន។


៣. ក្រសួងមុខងារសាធារណៈបានជំរុញនិងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍ សមត្ថភាពមន្ត្រីរាជការរបស់ក្រសួង-ស្ថាប័ន តាមរយៈការបណ្ដុះបណ្ដាលនិង សិក្ខាសាលាផ្សេងៗ ពិសេសនៅសាលាភូមិន្ទរដ្ឋបាល ដែលបាន និងកំពុងធ្វើការបណ្ដុះបណ្ដាលមន្ត្រីរាជការ រួមមាន វគ្គបណ្ដុះបណ្ដាលដំបូង វគ្គបណ្ដុះបណ្ដាលបន្ត និងការបណ្ដុះបណ្ដាលវគ្គខ្លីៗជាច្រើនទៀត ក្នុងក្របខណ្ឌ ផ្ដល់ដោយក្រសួងមុខងារសាធារណៈ និងក្របខណ្ឌសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍអន្តរជាតិ។


៤.ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការគ្រប់គ្រងមន្ត្រីរាជការ ត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងមុខងារសាធារណៈ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល២០២១-២០៣៥ រួមមាន ការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាថ្មីក្នុងការគ្រប់គ្រង ទិន្នន័យមន្ត្រីរាជការ ឱ្យបានពេញលេញការរៀបចំតារាងទូទាត់បៀវត្ស ប្រព័ន្ធគ្រប់គ្រង សលាកប័ត្រព័ត៌មានមន្ត្រីរាជការស៊ីវិល ប្រព័ន្ធគ្រប់គ្រងការចូលនិវត្តន៍ ប្រព័ន្ធព័ត៌មានមន្ត្រីរាជការស៊ីវិល ប្រព័ន្ធគ្រប់គ្រងការប្រើប្រាស់ប្រាក់ម៉ោងបន្ថែម សម្រាប់មន្ត្រីអប់រំប្រព័ន្ធគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា ប្រព័ន្ធគ្រប់គ្រងចរន្តឯកសារ និងប្រព័ន្ធគ្រប់គ្រងសលាកប័ត្រព័ត៌មានមន្ត្រីរាជការស៊ីវិល ក្នុងបណ្ណសារក្រសួងមុខងារសាធារណៈ ការបង្កើនសុវត្ថិភាពក្នុងការបញ្ចូលទិន្នន័យ ការរៀបចំអត្តសញ្ញាណបណ្ណមន្ត្រីរាជការប្រភេទថ្មីជាទម្រង់ ស្មាតកាតដែលអាចប្រើប្រាស់ជាអត្តសញ្ញាណបណ្ណមន្ត្រីរាជការ និងជាបណ្ណអេធីអឹមសម្រាប់បើកប្រាក់បៀវត្ស និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងការជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ។


៥. ក្រសួងមុខងារសាធារណៈបានបំពេញការងារ និងសម្រេចបានលទ្ធផលជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈពាក់ព័ន្ធនឹង៖


៥.១ ការកែលម្អការជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ


– ក្រសួងមុខងារសាធារណៈបានដឹកនាំ និងសម្របសម្រួលការរៀបចំអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងបានដឹកនាំ និងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត”


– ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ត្រូវបានអនុវត្តចំនួន ៥លើក គឺ៖ ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ/សង្កាត់ចំនួន២៥០នាក់ ការជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ការជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ការជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការនិងដឹកជញ្ជូន និងការ ជ្រើស រើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុង ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លើសពីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យក្នុងក្របខណ្ឌនៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តីសម្រេច ទទួលស្គាល់បេក្ខជនចូលរួមការប្រឡងប្រជែង ដែលមានចំនួន ៣៣ ៣១៤ នាក់ ហើយដែលគ្រោងរៀបចំការប្រឡងប្រជែងនៅដើមខែឧសភា ឆ្នាំ២០២៤


– ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ បានរៀបចំសេចក្តីព្រាងឯកសារទស្សនាទាន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីបច្ចេកទេស/មន្ត្រីជំនាញ (ផ្អែកលើកិច្ចសន្យា) ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងប្រើប្រាស់មន្ត្រីឱ្យមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបនឹងសេចក្តីត្រូវការនៃការងារ និងអង្គភាពនីមួយៗ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។


៥.២ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ


– ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ បានរៀបចំសេចក្ដីព្រាងឯកសារទស្សនាទាន និងសេចក្ដី ណែនាំស្ដីពី ការពិនិត្យឡើងវិញ និងការវិភាគ មុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការរៀបចំធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការស៊ីវិល របស់ក្រសួង-ស្ថាប័ន និងគ្រឹះស្ថានអប់រំ និងអង្គភាពសុខាភិបាលនៅមូលដ្ឋាន ព្រមទាំងបានរៀបចំសេចក្ដីព្រាងក្រមសីលធម៌ វិជ្ជាជីវៈ


– កម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំអង្គភាពរបស់ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបន្តអនុវត្តដោយសាលាភូមិន្ទរដ្ឋបាល


៥.៣ ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម


– សេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម និងកម្មវិធីលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ត្រូវបានគិតគូរនិងរៀបចំជាបណ្តើរៗ។


៦. ក្រសួងមុខងារសាធារណៈ បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដោយបានរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងបានរៀបចំ ពិធី ប្រកាសទទួលស្គាល់អង្គភាពជ័យលាភី ចំនួន៣០ រួមមាន៖ អនុវិទ្យាល័យចំនួន១០ សាលាបឋមសិក្សាចំនួន១០ និងមណ្ឌលសុខភាព ចំនួន១០ និងបានប្រកាសដាក់ឱ្យអនុវត្តដាក់ការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក សម្រាប់ឆ្នាំ២០២៤។


៧.ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំរួចរាល់នូវសេចក្តីព្រាងផែនការសកម្មភាពអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់ឆ្នាំ២០២៤ ដល់ ២០២៨ ហើយដែលគ្រោងដាក់ឆ្លងការពិនិត្យសម្រេចឱ្យបានរួចរាល់សម្រាប់ការដាក់ឱ្យអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០២៤។ ទន្ទឹមនេះ សេចក្តីព្រាងកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈក៏ត្រូវបានពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពឱ្យបានសមស្រប ដើម្បីប្រើប្រាស់ជាផែនទីចង្អុលផ្លូវរយៈពេលមធ្យមនិង វែងក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។


សូមជម្រាបផងដែរថា សន្និបាតក្រសួងមុខងារសាធារណៈ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ»៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១