ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសន្និបាតមុខងារសាធារណៈ


នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ» នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ សន្និបាតនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត សរុបចំនួនប្រមាណ ១០០០នាក់។


ថ្លែងក្នុងពិធីបើកនាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធផលជាច្រើនដែលក្រសួងសម្រេចទៅបានកន្លងមកនេះ អាស្រ័យដោយកត្តាសំខាន់ ៣ យ៉ាងគឺ៖ ១.កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ ២.កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារតែយើងមានចក្ខុវិស័យ ឆន្ទៈ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធការងារល្អ និងជាពិសេស មានថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិតដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើ មូលដ្ឋានអភិក្រមបុរេសកម្មនិងសកម្ម យោគយល់ អធ្យាស្រ័យ សហការគ្នា ស្មារតីជាក្រុម និងទទួលខុសត្រូវខ្ពស់ទៅតាមជំនាញនិងភារកិច្ចរៀងៗខ្លួន ៣. កត្តាចូលរួមរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ជាមួយក្រសួងមុខងារសាធារណៈ គឺជាលក្ខខណ្ឌដ៏ចាំបាច់ និងមិនអាចខ្វះបានដែលធានាឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន នាពេលកន្លងមក និងដែលត្រូវសម្រេចបន្ថែមទៀតនាពេលខាងមុខ។


បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានមោទនភាពខ្ពស់ចំពោះការបោះជំហានឆ្ពោះទៅមុខ នៃវិស័យមុខងារសាធារណៈ ដែលបាន និងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា”។


សូមជម្រាបថា បន្ទាប់ពីពិធីបើកត្រូវបានបញ្ចប់ អង្គសន្និបាតមានការធ្វើបទបង្ហាញរបស់វាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ និងវេទិកាសំណួរ ចម្លើយ លើប្រធានបទដែលបានបង្ហាញ និងការងារពាក់ព័ន្ធ។ សន្និបាតនឹងប្រពឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១