កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច


នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ មានកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ចរាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អមដោយថ្នាក់ដឹកនាំនៃក្រសួងអធិការកិច្ច តំណាងទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំនិងអង្គភាពជំនាញ របស់ក្រសួងមុខងារសាធារណៈ មានចំនួនសរុប ៥៤នាក់។


បន្ទាប់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានសង្ខេបពីសារបាន និងបេសកកម្ម ព្រមទាំងការប្រព្រឹត្តទៅនៃសេចក្តីព្រាងអនុក្រឹត្យរួចមក អង្គប្រជុំបានពិនិត្យនិងពិភាក្សាបន្ថែមក្នុងគោលបំណង ស្វែងរកធាតុចូល និងកែលម្អសេចក្តីព្រាងនេះ។


ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានឯកភាពទៅលើចំណុចមួយចំនួនដូចជា ការកំណត់មុខងារភារកិច្ចរបស់ក្រសួងអធិការកិច្ចដោយត្រូវផ្អែកលើអនុក្រឹត្យលេខ០៣ អនក្រ.បក និងលេខ១៦៨ អនក្រ.បក ជាគោល ក៏ដូចជាការកែសម្រួលខ្លឹមសារនៅក្នុងជំពូកនិងមាត្រាមួយចំនួន រួមទាំងការកំណត់រចនាសម្ព័ន្ធចំណុះក្រសួងអធិការកិច្ច ជាដើម។


ចុងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការអនុវត្តការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងបានណែនាំដល់អង្គប្រជុំដែលទទួលបន្ទុកលើការងារនីមួយៗ ត្រូវទទួលខុសត្រូវក្នុងការអនុវត្ត ដើម្បីកំណត់ស្តង់ដាររួម ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១