ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គលំទង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ


នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គលំទង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ ជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តកំពង់ស្ពឺ និងបងប្អូន ប្រជាពលរដ្ឋជាច្រើនរូប។


មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការវត្ត ព្រះថេរានុថេរៈ សប្បុរជន និងពុទ្ធបរិស័ទ ដែលបានចូលរួមចំណែកលះបង់ទាំងកម្លាំងកាយចិត្ត សម្ភារ និងថវិកាចូលរួមចាប់មគ្គផលកសាងសមិទ្ធផលជាបន្តបន្ទាប់នៅក្នុងទីវត្តអារាមនេះ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត ស្រុក កងកម្លាំង អាជ្ញាធរ មន្រ្តីគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីថែរក្សាភាពសុខសប្បាយជូនប្រជាជនក្នុងការរស់នៅ ប្រកបការងារ រកស៊ី រៀនសូត្រ បានយ៉ាងសមប្រកប។


សូមជម្រាបជូនថា វត្តអង្គលំទងនេះ បានកសាងឡើងតាំងពីឆ្នាំ១៨១៥ មកម៉្លេះ ដែលគិតមកដល់ពេលនេះមាន អាយុកាល ២០៩ឆ្នាំហើយ។ សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះរួមមាន ព្រះពុទ្ធរូបចំនួន ២អង្គ ដែលមានកម្ពស់១២ម៉ែត្រ, បណ្ណាល័យ និងទីស្នាក់ការអនុវិទ្យាល័យ ១ខ្នង, សួនច្បារ អនុវិទ្យាល័យ និងសួនច្បារសាលាបឋមសិក្សាអង្គលំទង, ខ្លោងទ្វារចូលវត្ត, ស្ពាន និងផ្លូវបេតុង ចំនួន៣ខ្សែ សរុបជាទឹកប្រាក់ចំណាយអស់ប្រមាណ ១៦០,០០០ ដុល្លារ (ដប់ប្រាំមួយម៉ឺន ដុល្លារអាមេរិក)៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១