ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាការអនុវត្តការងារកែទម្រង់ ៣ បូក ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំដោយឯកឧត្តម ប្រាក់ ប្រានីដ្ឋា អគ្គលេខាធិការរង តំណាង ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ចូលរួមកិច្ចប្រជុំក្នុងក្របខណ្ឌការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល (កែទម្រង់រដ្ឋបាលសាធារណៈ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកែទម្រង់ច្បាប់) នៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យ និងពិភាក្សាលើការអនុវត្តការងារកែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានគោលបំណងស្វែងយល់អំពីស្ថានភាពនៃការអនុវត្តមុខងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវបានផ្ទេរ ព្រមទាំងស្វែងយល់អំពីរចនាសម្ព័ន្ធថវិកា និងក្របខណ្ឌគណនេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងកំណត់បញ្ហាប្រឈម និងលើកសំណើដោះស្រាយក្នុងទិដ្ឋភាពការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌៕