ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចុះសិក្សាឈ្វេងយល់ ប្រមូល និងចែករំលែកព័ត៌មាន ជូនដល់មន្ទីរមុខងារសាធារណៈ ខេត្តកំពត និងខេត្តព្រះសីហនុ

ពីថ្ងៃទី១៩ ដល់ទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អុន ស៊ីវុធថា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូចុះពិភាក្សាការងារជាមួយមន្ទីរមុខងារសាធារណៈ ខេត្តកំពត និងខេត្តព្រះសីហនុ។

ជំនួបនេះប្រព្រឹត្តឡើងក្នុងគោលបំណងពិភាក្សាការងារជាមួយមន្ទីរមុខងារសាធារណៈនេះ ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងកំណត់ស្តង់ដារការងារនៅមន្ទីរមុខងារសាធារណៈខេត្តកំពត និងព្រះសីហនុ។

នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានលើឡើងអំពីបាវចនាក្រសួងមុខងារសាធារណៈ គឺការពារផលប្រយោជន៍សាធារណៈ ការពារផលប្រយោជន៍ក្រសួង ស្ថាប័ន និងការពារផលប្រយោជន៍មន្រ្តី។ លើសពីនេះ ឯកឧត្តមប្រធានប្រតិភូបានលើកឡើងអំពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ដែលផ្តោតសំខាន់លើភាពស្អាតស្អំ ខ្លាំង និងវៃឆ្លាត និងបានជម្រាបជូនដល់មន្ត្រីជំនាញមន្ទីរមុខងារសាធារណៈ អំពីការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសនៅក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានវិធានការគន្លឹះចំនួន៣ គឺទី១៖ ការកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ទី២៖ ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងទី៣៖ ការរៀបចំប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម។

ជារួម ឯកឧត្តមប្រធានប្រតិភូបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរមុខងារសាធារណៈ ដែលបានអនុវត្តការងាររបស់ខ្លួនស្របតាមតួនាទី និងភារកិច្ចដែលបានកំណត់ ព្រមទាំងបានអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវប្រកបដោយឆន្ទៈខ្ពស់ ឆ្លើយតបទៅនឹងបាវចនាក្រសួងមុខងារសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១