ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦»

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦»។ កម្មវិធីព្រឹកនេះ មានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល តំណាងសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា តំណាងស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា តំណាងធនាគារពិភពលោក គ្រូបង្គោល និងសិក្ខាកាម សរុបប្រមាណ ១៥០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម Igor Driesmans ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បានមានមតិស្វាគមន៍គណៈធិបតី និងអង្គសិក្ខាកាម ដោយធ្វើការរៀបរាប់ពីសាវតារនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងគម្រោងកន្លងមកដែលធ្លាប់បានរៀបចំក្រោមកិច្ចសហការជាមួយក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល។

បន្ទាប់មក ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានរៀបរាប់ក្នុងរបាយការណ៍ថា សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្តុះបណ្តាលនេះជូនដល់សិក្ខាកាមជាន់ខ្ពស់បានចំនួន៥ ជំនាន់មកហើយ ដែលជាលទ្ធផល សិក្ខាកាមចំនួន ៨៥១នាក់ (ស្រី១៤០នាក់) បានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យស្មើនឹង៩៨%។ ដោយឡែកសម្រាប់ «វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៦ នាពេលនេះ នឹងធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមជាន់ខ្ពស់ដែលមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែល អភិបាលក្រុង ស្រុក នាយករដ្ឋបាល ខេត្ត ឬមុខតំណែងប្រហាក់ប្រហែល តាមបណ្ដាក្រសួង-ស្ថាប័ន ចំនួន៣០ គណៈកម្មការជាតិដឹកនាំការដ្ឋានកែទម្រង់ទាំង៥ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន២៥ រាជធានី-ខេត្ត ព្រមទាំងមានមន្ត្រីជាន់ខ្ពស់នៃស្ថានទូតអូស្ត្រាលី ចំនួន១រូប សរុបចំនួន ១៦២នាក់ (ស្រី២៩នាក់)។ ការបណ្ដុះបណ្ដាលមានរយៈពេល ៧សប្ដាហ៍ ដោយ ៦សប្ដាហ៍សិក្សាតាមប្រព័ន្ធអនឡាញ និង ១សប្ដាហ៍សិក្សាផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល

ក្រោយបានស្តាប់របាយការណ៍របស់វាគ្មិនទាំងពីរខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសាលាភូមិន្ទរដ្ឋបាល និងដៃគូអភិវឌ្ឍន៍ ដែលបានវិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ក្នុងបេសកកម្ម បណ្តុះបណ្តាលអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបក្នុងការអភិវឌ្ឍសមត្ថភាពក្នុងពេលបច្ចុប្បន្ន និងអនាគត ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គម។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់សង្កត់ធ្ងន់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ រៀបចំឡើងដើម្បីឆ្លើយតបនឹងអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺមនុស្ស ហើយក៏ស្របទៅនឹងការងារអាទិភាពដែលមានចែងក្នុងមុំទី១ មុំទី២ នៃស្នូលយុទ្ធសាស្ត្របញ្ចកោណសំដៅដល់ការពង្រឹង និងការកែទម្រង់ស្ថាប័ន តាមរយៈការពង្រឹងសមត្ថភាពនៃភាពជាអ្នកដឹកនាំ និងការរៀបចំសម្រាប់អ្នកដឹកនាំ ព្រមទាំងការលើកកម្ពស់សមត្ថភាពធនធានមនុស្សប្រកបដោយ សមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ ក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវខ្ពស់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១