ក្រសួងមុខងារសាធារណៈ ប្រជុំវាយតម្លៃការប្រឡងប្រជែងជ្រើសរើសមន្ត្រី ៣ ក្រសួង-ស្ថាប័នទាំង ទើបតែបញ្ចប់ថ្មីៗនេះ

គណៈកម្មការរៀបចំការប្រឡងប្រជែង បានជួបប្រជុំវាយតម្លៃបូកសរុបការងារ និងសិក្សាអំពីបទពិសោធន៍នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយនឹងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការ និងអនុគណៈកម្មការនានាជាច្រើនរូបទៀត។ កិច្ចប្រជុំកាលពីព្រឹកមិញនេះ បាននាំមកនូវការចែករំលែកបទពិសោធន៍ រួមជាមួយនឹងបញ្ហាប្រឈមដែលគណៈកម្មការបានជួបប្រទះ ហើយស្វែងរកដំណោះស្រាយឱ្យកាន់តែប្រសើរ សម្រាប់ការប្រឡងប្រជែងនាពេលខាងមុខ។

តាមរយៈការចូលរួមយ៉ាងផុសផុលពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃអង្គប្រជុំទាំងអស់ កិច្ចប្រជុំនេះ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ក្នុងនោះ កិច្ចប្រជុំបានរំលេចចេញនូវវិធីសាស្ត្រ នានាដើម្បីដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក មិនថាបច្ចេកទេសក្នុងការរៀបចំការប្រឡង ឬ ការគ្រប់គ្រងធនធានមនុស្សជាដើម។ ទន្ទឹមនេះ អង្គប្រជុំបានពិភាក្សាលើការរៀបចំយន្តការការងារផ្សេងៗទៀត ក្នុងការតាមដានត្រួតពិនិត្យដំណើរការការប្រឡងប្រជែង ធ្វើយ៉ាងណាឱ្យស្របតាមនិយាមនីតិវិធីប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន និងធានាឱ្យបាននូវការប្រឡងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធ៌ម បរិយាបន្ន ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១