សាលាភូមិន្ទរដ្ឋបាល និងមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង រៀបចំសន្នីសីទអន្តរជាតិ ស្តីពី«បរិវត្តកម្មមុខងារសាធារណៈ»

នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាល និងមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅភ្នំពេញ បានរៀបចំសន្នីសីទអន្តរជាតិ ស្តីពី«បរិវត្តកម្មមុខងារសាធារណៈ» ក្រោមវត្តមានឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និង Mr Fabrice Etienne ទីប្រឹក្សាទី១នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោកបណ្ឌិត Michel Guillot សាស្ត្រចារ្យនីតិសាធារណៈនៃសាកលវិទ្យាល័យលុយមីញ៉ែលីយ៉ុង២ នៃប្រទេសបារាំង Mr Laurent MESMANN ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច និងជាប្រធានគម្រោងកិច្ចសហប្រតិបត្តិការបារាំង រួមទាំងមានវាគ្មិនជាតិ ភ្ញៀវជាតិ អន្តរជាតិ និងមន្ត្រីរាជការ និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាលជាច្រើនរូបទៀត។ នាឱកាសនោះឯកឧត្តម យក់ ប៊ុនណា បានឱ្យដឹងថា គោលបំណងក្នុងការរៀបចំសន្និសីទនេះ ដើម្បីចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្ត ស្តីពីបរិវត្តកម្មមុខងារសាធារណៈ តាមរយៈទិដ្ឋភាពរដ្ឋបាលសាធារណៈប្រៀបធៀប ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញកម្ពុជា ដែលទទួលបន្ទុការងារពាក់ព័ន្ធនឹងកំណែទម្រង់ ជាពិសេសនៅដើមអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជួយអភិវឌ្ឍសមត្ថភាពក្នុងការបំពេញការងារដឹកនាំ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ឯកឧត្តម យក់ ប៊ុនណា បានបន្ថែមថាសន្នីសីទអន្តរជាតិនេះជាវេទិកាមួយដ៏សំខាន់សម្រាប់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្ត្រីថ្នាក់គ្រប់គ្រង ដែលមានតួនាទីជាអ្នករៀបចំគោលនយោបាយ ទាំងកម្ពុជានិងបារាំង ចូលរួមចែករំលែកបទពិសោធន៍ ការវិភាគបញ្ហាប្រឈម និងជាឱកាសរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីគោលបំណងរួមពង្រឹងកិច្ចសហប្រតិបត្តិការរវាងបារាំងនិងកម្ពុជា លើកិច្ចការបរិវត្តកម្មមុខងារសាធារណៈ ជាពិសេសក្រោយជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ Mr Emmanuel Macron ប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង នៅវិមានប្រធានាធិបតី (អេលីហ្សេ) នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថ្មីៗនេះ។

ក្នុងនាមក្រសួងមុខងារសាធារណៈ ដែលមានបេសកកម្មនិងភារកិច្ចដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងដឹកនាំការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៃកម្ពុជា ឯកឧត្តមប្រចាំការ ក៏បានគូសរំលេចនូវសមិទ្ធផលគន្លឹះគួរជាទីមោទននមួយចំនួន ដែលក្រសួងមុខងារសាធារណៈសម្រេចបាននៅដើមនីតិកាលទី៧នេះ រួមមាន៖ ទី១៖ ការគាំទ្រផ្នែកនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ទី២៖ ភាពត្រឹមត្រូវក្នុងការកំណត់គោលនយោបាយនិងយុទ្ធសាស្ត្រ ក៏ដូចជាទិសដៅក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសនិងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន ដូចជាយុទ្ធសាស្ត្របចញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០២៤-២០២៨) ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (២០១៦-២០៣០) និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២១-២០៣៥) ទី៣៖ កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ តាមរយៈស្មារតីបំពេញការងារនិងការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងការពង្រឹងសមត្ថភាពជំនាញ, ការចូលរួមសហការពីក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធផងដែរ។

សន្នីសិទមានរយៈពេលកន្លះថ្ងៃនេះបែងចែកជាពីរវេទិកា៖ វេទិកាទី១ លោកសាស្ត្រាចារ្យ Michel Guillot ពន្យល់អំពីទស្សនាទាន សាវតា ការវិវត្ត និងបច្ចុប្បន្នភាពនៃកិច្ចការកែទម្រង់មុខងារសាធារណៈរបស់បារាំង។ លើសពីនេះ លោកសាស្ត្រាចារ្យបានផ្តោតជាពិសេសលើវិធីសាស្ត្រគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ កិច្ចសន្យានីយកម្មក្នុងមុខងារសាធារណៈ ព្រមទាំងក្រមសីលធម៌ និងការដោះស្រាយជម្លោះផលប្រយោជន៍ក្នុងមុខងារសាធារណៈ។ បន្ទាប់មកវេទិកាទី២ មានការពិភាក្សាលើប្រធានបទ“របត់ថ្មីនៃការងារកែទម្រង់មុខងារសាធារណៈ” ដោយឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង“បន្ទាត់ណែនាំគោលក្នុងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ” ដោយលោកជំទាវ ម៉ម ច័ន្ទម៉ារ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង “កិច្ចសន្យាក្នុងមុខងារសាធារណៈ” ដោយឯកឧត្តមបណ្ឌិត យ៉ាន់ វ៉ាន់ឌឺលុច អគ្គនាយករងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាគ្រូឧទ្ទេសសាលាភូមិន្ទរដ្ឋបាល។

ចុងកម្មវិធី សន្នីសិទក៏មានវេទិកាសំណួរ-ចម្លើយ ដែលសិក្ខាកាម និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ទៅកាន់វាគ្មិនកិត្តិយកម្ពុជា និងបារាំង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១