ក្រសួងមុខងារសាធារណៈ អបអរសាទរនិងជូនពរសាសនិកខ្មែរឥស្លាម ក្នុងឱកាសបុណ្យរ៉ាម៉ាឌនដ៏ពិសិដ្ឋ ឆ្នាំ២០២៤


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ អបអរសារទរដ៏ក្រៃលែង ចំពោះបងប្អូន និងមន្ត្រីរាជការសាសនិកខ្មែរឥស្លាមទាំងអស់ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យរ៉ាម៉ាឌនដ៏ពិសិដ្ឋ ប្រព្រឹត្តទៅ រយៈពេល១ខែ គឺផ្តើមនៅថ្ងៃអង្គារ ទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៥ នៃមូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។


ក្នុងឱកាសនៃពិធីបុណ្យខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះ សូមបងប្អូន និងមន្ត្រីរាជការសាសនិកឥស្លាមទាំងអស់បំពេញកាតព្វកិច្ចបួសនេះ ដោយប្រតិបត្តិធម៌ កសាងអំពើកុសលផលបុណ្យ ការបរិច្ចាគទាន និងការទំនាក់ ទំនងល្អជាមួយអ្នកជិតខាងខ្លួន ដោយរស់នៅប្រកបដោយសីលធម៌ដ៏ថ្លៃថ្នូរ ក្លាយជាពលរដ្ឋដ៏ល្អក្នុងសង្គម រក្សាបានភាពសុខុដុមរមនាទាំងក្នុងសហគមន៍ និងសង្គមជាតិ។


សូមជូនពរជ័យ សិរីសួស្តី សុភមង្គល វិបុលសុខ ដល់បងប្អូន និងមន្ត្រីរាជការសាសនិកខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងឥស្លាមនៅលើសាកលលោក និងសូមទទួលបាននូវសេចក្តីសុខចម្រើន និងជោគជ័យក្នុងការបំពេញកាតព្វកិច្ចប្រតិបត្តិជំនឿនេះ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១