អបអរសាទរ វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី១

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និង ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី១ ដែលរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

វេទិកានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញបរិវត្តកម្មឌីជីថលនៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលបានបង្កើតឡើងរយៈពេលប្រមាណ១៨ខែកន្លងមកនេះស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈវេទិកានេះ នឹងក្លាយជាផ្នែកមួយនៃការពង្រីកវិសាលភាព និងការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តនៃការជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើឱ្យរដ្ឋាភិបាលឌីជីថល ដែលមានការចូលរួមពីក្រសួង-ស្ថាប័ន និងក្រុមហ៊ុនជាតិ និងអន្តរជាតិ ក្នុងនោះក៏រួមមានវិស័យមុខងារសាធារណៈ ដែលត្រូវមានការវិវត្តជាប្រចាំ។

សូមជម្រាបថា ក្នុងពិធីនេះ ក្រសួងមុខងារសាធារណៈ ក៏កំពុងដាក់តាំងបង្ហាញសកម្មភាព និងសមិទ្ធផលនានា ព្រមទាំងផ្តល់ព័ត៌មាននានាជុំវិញតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការស៊ីវិល និងឱកាសនានាដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងអគារA នៃមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនៅកោះពេជ្រ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១