កិច្ចប្រជុំអន្តរក្រសួង ដើម្បីសិក្សាជម្រើសនានាសម្រាប់ការកែសម្រួលរចនាសម្ព័ន្ធ មុខងារ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្ត
នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងារ រួមទាំងឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងជាសមាជិកក្រុមការងារ បានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីជម្រើសនានា សម្រាប់ការកែសម្រួលរចនាសម្ព័ន្ធ មុខងារ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្ត នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។/p>
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព និងកិច្ចការសំខាន់ៗរបស់ក្រុមការងារ ព្រមទាំងពិនិត្យលើឯកសារទស្សនទាន ស្តីពីការសិក្សាជម្រើសនានាសម្រាប់កែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលខេត្ត និងរដ្ឋបាលរាជធានី-ខេត្ត ដែលផ្តោតសំខាន់ទៅលើការកែប្រែពីរដ្ឋបាលខេត្ត ក្លាយជារដ្ឋបាលតំបន់ និងរដ្ឋបាលរាជធានីភ្នំពេញ ក្លាយជារដ្ឋបាលមេត្រូប៉ូលីទែន។
សូមជម្រាបថា ក្នុងក្របខណ្ឌនៃការងាររបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាជម្រើសនានាសម្រាប់ការកែសម្រួលរចនាសម្ព័ន្ធ មុខងារ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្ត ដែលមានសមាសភាពមកពីក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន៕