ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នាមណ្ឌលប្រឡងវិញ្ញាសាសរសេរ ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
ខណៈនេះ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើស
មន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ យ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រចារ្យជំនាញ ដោយមានតាមដានមើលពីអ្នកសង្កេតការណ៍មកពី សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះស្ម័គ្រចិត្ត។
សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងមុខវិជ្ជាពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ ក្រុមនីតិវិធីព្រហ្មទណ្ឌច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់មួយចំនួនទៀតរួមទាំងការវិភាគបទល្មើស ចំណេះដឹងទូទៅ ភាសាអង់គ្លេស និងកុំព្យូទ័រ៕