គណៈកម្មការរៀបចំការប្រឡងប្រជែងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងនៅថ្ងៃស្អែក ដើម្បីជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ


តាមការគ្រោងទុកការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ នឹងចាប់ផ្តើមនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ស្របពេលជាមួយគ្នានេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានចុះពិនិត្យស្ថានភាពទូទៅ និងទីតាំងផ្សេងៗទៀត ក្នុងបរិវេណមណ្ឌលប្រឡងវិញ្ញាសាសរសេរ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។


ការចុះពិនិត្យនេះ គឺដើម្បីធានាថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ពិតជាប្រព្រឹត្តទៅបានរលូន និងស្របទៅតាមគោលការណ៍ដែលបានកំណត់ដោយរាជរដ្ឋាភិបាល សម្រាប់ការជ្រើសរើសមន្ត្រីរាជការ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមយកឱកាសនេះ ជូនពរដល់បេក្ខជនទាំងអស់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងសូមរក្សាសុខភាពឱ្យបានល្អ ព្រមទាំងត្រៀមខ្លួនចូលរួមប្រឡងដោយអនុវត្តន៍តាមបទបញ្ញត្តិ និងការណែនាំរបស់ការប្រឡងប្រជែងឱ្យបានគ្រប់ៗគ្នា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១