ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងទិសដៅការងារបន្ត


នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងមុខងារសាធារណៈ ជាច្រើនរូប នៅគណៈកម្មាធិការជាតិកែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.ស.) ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល។


តាមរយៈកិច្ចប្រជុំប្រចាំខែនេះ ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ហើយក៏មានការចូលរួមយោបល់យ៉ាងច្រើនយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប ក្នុងន័យផ្តល់ជូនព័ត៌មានបន្ថែមជាវឌ្ឍនភាពការងារជារួមប្រចាំខែនិងការលើកឡើងនូវបញ្ហាដើម្បីដោះស្រាយជាមួយគ្នា ព្រមទាំងបានលើកនូវទិសដៅការងារបន្តឆ្ពោះទៅមុខរបស់ក្រសួងមុខងារសាធារណៈ។ បន្ទាប់ពីបានស្តាប់របាយកាណ៍ ក៏ដូចជាមតិយោបល់ចូលរួមពីអង្គប្រជុំរួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបាយការណ៍វឌ្ឍនភាពការងារ និងការផ្តល់មតិយោបល់ជាធាតុចូលរបស់អង្គប្រជុំ។ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានគូសបញ្ជាក់ថាកិច្ចប្រជុំនេះគឺរបៀបរបបការងារដែលត្រូវបានកំណត់រៀបចំជារៀងរាល់ចុងខែ។


ជាលទ្ធផល កិច្ចប្រជុំបានឯកភាពនិងកំណត់ការងារមួយចំនួនពាក់ព័ន្ធនឹងការកំណត់ទម្រង់របាយការណ៍រួមផ្សារភ្ជាប់ជាមួយលទ្ធផលនៃការងារកែទម្រង់ និងការអនុវត្តវិធានការគន្លឹះ ហើយរាល់របាយការណ៍អង្គភាពនីមួយៗ ត្រូវចម្លងជូនថ្នាក់ដឹកនាំទទួលបន្ទុកជ្រាបជាព័ត៌មាន មុនផ្ញើជូនអគ្គលេខាធិកាដ្ឋានបូកសរុប៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១