កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពឆ្នាំ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ


កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការដឹកនាំប្រតិបត្តិនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ(គ.វ.រ.) បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សា លើផែនការសកម្មភាពឆ្នាំ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកនៃអនុគណៈកម្មាធិការប្រតិបត្តិ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ(គ.វ.អ.) អនុគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល(គ.វ.ស.) ព្រមទាំងឯកឧត្តមជំនួយការសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងមន្ត្រីជំនាញ សរុបប្រមាណ ៧៥នាក់ ។


កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការជជែកពិភាក្សានិងពិគ្រោះយោបល់ ព្រមទាំងប្រមូលធាតុចូល ដើម្បីជាមូលដ្ឋានក្នុងការកែសម្រួលសេចក្តីព្រាងផែនការសកម្មភាព២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសម្រាប់វិស័យសុខាភិបាល និងវិស័យអប់រំ។


ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំបានណែនាំដល់ក្រុមការងារកែសម្រួលផែនការសកម្មភាពស្របតាមស្មារតីអង្គប្រជុំយ៉ាងយូរ១សប្តាហ៍ក្រោយបញ្ចប់កិច្ចប្រជុំនាថ្ងៃនេះ ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១