តបតាមសំណើរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបប្រជុំជាមួយគណៈប្រតិភូរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី និងសហការី។


ជំនួបនាព្រឹកនេះ ប្រព្រឹត្តទៅក្នុងគោលបំណងពិគ្រោះយោបល់លើការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្ស ស្របតាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។


ក្នុងកិច្ចប្រជុំ ឯកឧត្តម ឡាំ ជា បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីសាវតា ចក្ខុវិស័យ និងបេសកកម្មរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ព្រមទាំងគូសបញ្ជាក់ពីតម្រូវការ និងភាពចាំបាច់ក្នុងការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតួនាទី ភារកិច្ច និងការងារចំពោះមុខ ជាពិសេសការសម្រេចចិក្ខុវិស័យក្នុងការ«ឈានទៅកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។


ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំពិគ្រោះយោបល់នាព្រឹកនេះ និងបានចាត់ទុកថាជាការចាប់ផ្តើមមួយដល់ល្អក្នុងការអនុវត្តនីតិវិធីស្របតាមស្មារតីនៃអនុក្រឹត្យស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លើសពីនេះទៀតសោត ការពិគ្រោះយោបល់លើការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែង រវាងក្រសួងសាមី និងក្រសួងមុខងារសាធារណៈ ក៏ជាការកិច្ចការដ៏សំខាន់មួយឆ្លើយតបនឹងការអនុវត្តវិធានការគន្លឹះទី២ (ការលើកកម្ពស់ប្រសិទ្ធភាពការងារ ជាពិសេសការវិភាគមុខងារ)ដែលដាក់ចេញរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចការងារបន្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្រសួងមុខងារសាធារណៈ និងក្រសួងហិរញ្ញវត្ថុ បន្តពិគ្រោះយោបល់លើទិដ្ឋភាពលម្អិតផ្សេងៗ ដោយក្រសួងមុខងារសាធារណៈ នឹងត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល គាំទ្រ ដើម្បីរួមគ្នាឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១