ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យនិងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់​ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៤


នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជា បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់​ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នទាំងអស និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណជិត ២០០នាក់។


មុនចាប់ផ្តើមកិច្ចប្រជុំ អង្គប្រជុំបានធ្វើកិច្ចស្មឹងស្មាត ដើម្បីចូលរួមរំលែកទុក្ខចំពោះការយាងចូលព្រះទីវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានមតិស្វាគមន៍ បើកអង្គប្រជុំ និងអនុញ្ញាតឱ្យលោក គឿន ប៊ុនធឿន ប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងមុខងារសាធារណៈ ធ្វើបទបង្ហាញលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យចំនួន៥ ពាក់ព័ន្ធនឹងការដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៤ ព្រមទាំងដាក់អង្គប្រជុំជូនសមាជិក សមាជិកា អន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាទៅលើអនុក្រឹត្យទាំង៥ រួមមាន៖ ១)អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ ២)អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីនគរបាលជាតិកម្ពុជា ៣)អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ៤)អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ៥)អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល។


ដោយឃើញមានការចូលរួមនូវមតិកែសម្រួល និងស្នើសុំបញ្ចូលតាមតម្រូវការ ព្រមទាំងការលើកឡើងនូវបញ្ហាផ្សេងៗរបស់ក្រសួង ស្ថាប័ន យ៉ាងផុលផុសដើម្បីឱ្យឧបសម្ព័ន្ធមានភាពច្បាស់លាស់រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់សមាជិក សមាជិកា ដែលបានចូលរួម ដែលការចូលរួមទាំងអស់នេះហើយ គឺជាស្មារតីនៃការគិតគូទៅដល់ការអភិវឌ្ឍ និងការពារផលប្រយោជន៍របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់របស់យើង។


យោងតាមស្មារតីនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួង ស្ថាប័ន ផ្តល់ព័ត៌មានជាធាតុចូលដល់ក្រុមការងារបច្ចេកទេសបន្ថែមក្នុងរយៈពេលមួយសប្តាហ៍ទៀត ដើម្បីកែសម្រួលឱ្យកាន់តែប្រសើរមុនដាក់ជូនថ្នាក់ដឹកនាំពិនិត្យបន្ត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា កិច្ចប្រជុំក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល នាពេលនេះ គឺជាការអនុវត្តស្របតាមជវភាពនៃតួអង្គតែមួយ ដោយប្រកាន់យកនូវស្មារតីតែមួយ ក្នុងគោលដៅតែមួយ ហើយក្នុងនោះក្រសួងមុខងារសាធារណៈ មានបេសកកម្មមួយក្នុងចំណោមជាច្រើន នៃអាណត្តិទី៧ គឺសម្រេចឱ្យបាននូវចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១