សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជាច្រើនរបស់ប្រទេសជប៉ុន អញ្ជើញមកសិក្សាស្វែងយល់អំពីក្រសួងមុខងារសាធារណៈនិងការអភិវឌ្ឍធនធានមនុស្សដែលជាមន្ត្រីរាជការនៅកម្ពុជា


សាស្ត្រាចារ្យចំនួន ៨រូប មកពីសកលវិទ្យាល័យនានារួមមាន៖ Nagoya University, Hiroshima University, Kobe University, Rikkyo University, Kyushu University, Toyo University, Meiji University, និង Ritsumeikan University នៃប្រទេសជប៉ុន បានអញ្ជើញមកសិក្សាស្វែងយល់អំពីក្រសួងមុខងារសាធារណៈនិងការអភិវឌ្ឍធនធានមនុស្សដែលជាមន្ត្រីរាជការនៅកម្ពុជា នៅក្រសួងមុខងារសាធារណៈ។


ក្នុងទស្សនកិច្ចសិក្សានេះឯកឧត្តម ឌុច ដារិន្ទ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញអំពីគម្រោងអាហារូបករណ៍អភិវឌ្ឍនធនធានមនុស្ស (JDS) របស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) លើប្រធានបទស្តីពីការអភិវឌ្ឍធនធានមនុស្សដែលជាមន្ត្រីរាជការនៅប្រទេសកម្ពុជា និង បានធ្វើការអត្ថាធិប្បាយពីស្ថានភាពទូទៅ និងរចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដោតសំខាន់ទៅលើតួនាទីក្រសួងមុខងារសាធារណៈក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពន្យល់ពីការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមុខងារសាធារណៈ ស្របទៅតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានចំណុចសំខាន់ៗចំនួន ៤ គឺ៖ ១)គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យរដ្ឋបាលសាធារណៈ តាមរយៈការកែលម្អ និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រង ដំណើរការការងារ និងការបណ្ដុះបណ្ដាលផ្សេងៗ ២)យុទ្ធសាស្ត្រសំខាន់ៗនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈកន្លងមក ដូចជាយុទ្ធសាស្ត្របង្កើនប្រសិទ្ធភាពសេវាសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស យុទ្ធសាស្ត្រកំណែទម្រង់បៀវត្ស និងការលើកទឹកចិត្តផ្សេងៗ ដើម្បីកែលម្អ និងជំរុញឱ្យមន្ត្រីរាជការបំពេញកិច្ចការរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ៣)ការប្រើប្រាស់យុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សក្នុងវិស័យរដ្ឋបាលសាធារណៈទៅតាមដំណាក់កាលដូចជា ដំណាក់កាលនៃការជ្រើសរើសមន្ត្រី ការតែងតាំង ការវាយតម្លៃក្នុងការបំពេញការងារ បៀវត្ស និងការលើកទឹកចិត្តផ្សេងៗ ការបណ្ដុះបណ្ដាល និងការចូលនិវត្តន៍ ៤)ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ។


ជាលទ្ធផល សាស្រ្ដចារ្យមកពីសាកលវិទ្យាល័យនានានៃប្រទេសជប៉ុនបានយល់ជ្រួតជ្រាបអំពីស្ថានភាពក្រសួងមុខងារសាធារណៈនិងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យរដ្ឋបាលសាធារណៈនៅកម្ពុជាបច្ចុប្បន្ន។ ក្រសួងមុខងារសាធារណៈ តែងតែរីករាយក្នុងការចែករំលែកព័ត៌មាននានាជូនសាស្ត្រាចារ្យជប៉ុន ដើម្បីពង្រីកវិសាលភាពនៃចំណេះដឹងស្តីពីមុខងារសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។


គួររំលឹកផងដែរថា បច្ចុប្បន្នគម្រោង JDS ត្រូវបានផ្តល់ជូនដល់ប្រទេសចំនួន ១៩ ដែលក្នុងនោះ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានទទួលអាហារូបករណ៍យូរជាងគេលំដាប់ទីពីរ ហើយសព្វថ្ងៃនេះមន្រ្ដីរាជការកម្ពុជាប្រមាណជាង ៥០០នាក់បានទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោង JDS៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១