សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤


នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។


ក្នុងរបាយការណ៍បូកសរុប ស្តីពីការអនុវត្តការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ជាលទ្ធផលនៃការវាយតម្លៃរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងឆ្នាំ២០២៣ អង្គភាពដែលទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ ចំនួន៣ សម្រាប់វិស័យអប់រំ រួមមាន៖ សាលាអនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង និងសាលាបឋមសិក្សាសម្តេចជាស៊ីម ខេត្តបាត់ដំបង និងអង្គភាពដែលដែលទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ សម្រាប់វិស័យសុខាភិបាលគឺ មណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់។


សូមជម្រាបថា ក្រោយពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុង ក្រសួងមុខងារសាធារណៈ និងគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានបន្តនិរន្តរភាពការងារ និងជំរុញការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល (ឆ្នាំ២០២២ និង២០២៣) ដែលមានបេក្ខភាពសរុប ក្នុងវិស័យអប់រំកម្រិតអនុវិទ្យាល័យចំនួន៤២ មកពី២២ រាជធានីខេត្ត កម្រិតសាលាបឋមសិក្សាចំនួន៤៦ មកពី២៤ រាជធានី ខេត្ត និងក្នុងវិស័យសុខាភិបាល មានបេក្ខភាពមណ្ឌលសុខភាពចំនួន៤៣ មកពី២២ រាជធានីខេត្ត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១