សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣


នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ នៅសាលមហោស្រពនៃមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាលរាជធានី ខេត្ត អនុវិទ្យាល័យ បឋមសិក្សា និងមណ្ឌលសុខភាព ព្រមទាំងសមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូល សរុបចំនួនប្រមាណ ២១៥០នាក់។


ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ពីសាវតារនៃកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលត្រូវបានដាក់ឱ្យអនុវត្ត ផ្អែកលើគំនិតផ្តួចផ្ដើមរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តាំងពីឆ្នាំ២០១៨ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។ កម្មវិធីវាយតម្លៃនេះគោលបំណងដើម្បីជំរុញនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសាមី៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។


រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ និងភាពស្វាហាប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តផ្តល់ការយកចិត្តទុកដាក់និងជំរុញបន្ថែមចលនានៃការប្រឡងប្រណាំងតាមរយៈការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់ សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ក្នុងន័យនេះក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី មានភារកិច្ចបន្តរៀបចំដំណើរការការប្រឡងប្រជែងររបស់អង្គភាពផ្តល់សេវាសេវាសាធារណៈ នៅមូលដ្ឋាននឹងត្រូវអនុវត្តបន្ត សម្រាប់មត្តេយ្យសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យ បង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្កប់កម្រិត១ (CPA1) មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្ម ភាពបង្គ្រប់កម្រិត២ (CPA2) និងមន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣(CPA3)។


ឯកឧត្តមបានបញ្ជាក់ថា សម្រាប់អនុវិទ្យាល័យនិងសាលាបឋមសិក្សាក្នុងវិស័យអប់រំនិងមណ្ឌលសុខភាព ក្នុងវិស័យសុខាភិបាលដែលទទួលបានចំណាត់ថ្នាក់ល្អដែលនឹងត្រូវប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូនៅថ្ងៃស្អែកនេះ គឺជាអង្គភាពដែលមានលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងលក្ខខណ្ឌអតិបរមា នៃលក្ខណៈវិនិច្ឆ័យគោល លក្ខណៈវិនិច្ឆ័យគោលរង និងលក្ខណៈវិនិច្ឆ័យលម្អិត ក្រោមការវាយតម្លៃយ៉ាង ហ្មត់ចត់និងច្រើនដំណាក់កាល ប្រកដោយការទទួលខុសត្រូវ សុចរិតភាព តម្លាភាព និងវិជ្ជាជីវៈកម្រិតខ្ពស់។ ដើម្បីឆ្លុះបញ្ចាំងទៅលើទិដ្ឋភាពជាក់ស្តែងរបស់បេក្ខភាពអង្គភាពនីមួយៗ ដែលទទួលបានចំណាត់ ថ្នាក់ក្នុងលំដាប់អាទិភាពខ្ពស់ ថ្ងៃនេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារ ណៈរបស់អង្គភាពនីមួយៗ ដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ជូនដល់បណ្តាអង្គភាពផ្សេងទៀត ដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ។


តាមរយៈនៃការចែករំលែកបទពិសោធលើការងារគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈគំរូនេះ ឯកឧត្តមសង្ឃឹមថា តំណាងអង្គភាពផ្តល់សេវាសាធារណៈទាំងអស់ ទាំងក្នុងស័យអប់រំ ទាំងក្នុងវិស័យសុខាភិបាល នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកែលម្អនិងពង្រឹងគុណភាព នៃការគ្រប់គ្រងនិងការផ្តល់សេវាឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន និងបន្តត្រៀមលក្ខណៈដើម្បីចូលរួមក្នុងការប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូ នៅពេលក្រោយៗទៀត។ សេវាល្អរបស់អង្គភាព គឺជាមោទនភាពរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរបស់អង្គភាព និងក៏ជាកិត្តិយសរបស់សហគមន៍ និងសង្គមជាតិយើងទាំងមូល៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១