ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ ស្ថិតនៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ ស្ថិតនៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញ/និមិន្តចូលរួមនាឱកាសនោះរួមមាន៖ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ១,២០០នាក់។
នាឱកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី និងធ្វើរបាយការណ៍នៃការកសាងវត្តក្រពុំឈូក ដែលវត្តនេះបានចាប់ផ្តើមកសាងឡើងតាំងពីឆ្នាំ១៨៣០ មកម្ល៉េះ ដែលរហូតមកដល់ពេលនេះ គឺមានអាយុកាលប្រមាណ១៩៤ឆ្នាំហើយ។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ពិតណាស់ គុណតម្លៃនៃសន្តិភាព គឺជាកាលានុវត្តន៍ភាពដ៏មហស្ចារ្យដល់ដំណើរ អភិវឌ្ឍន៍ឥតឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានា ប្រកប ដោយប្រសិទ្ធភាព ដែលបានចូលរួមចំណែកក្នុងការស្ដារ កសាង់ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តម ហ៊ុន ម៉ានី បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា ស្ថិតនៅវត្តក្រពុំឈូក (ហៅវត្តអន្លង់លិញ) ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាឱកាសនេះ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមត្រេកអរ អនុមោទនាជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋអ្នកឃុំកំពាន់ ទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការ នៅក្នុងទីវត្តអារាមនេះ។
ឯកឧត្តមបានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធ សាសនិកយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ឯកឧត្តមបានបន្តបន្ថែមថា ទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្តដល់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង៕