ក្រសួងមុខងារសាធារណៈ ជួបជាមួយក្រុមការងារអន្តរក្រសួង ដើម្បីពិភាក្សាលើបច្ចុប្បន្ននៃប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួងមុខងារសាធារណៈ សម្រាប់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ


នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រធានប្រចាំការគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងមុខងារសាធារណៈ ដោយពិនិត្យពិភាក្សាលើការដាក់ឱ្យអនុវត្តការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួងមុខងារសាធារណៈ សម្រាប់រៀបចំទិន្នន័យគ្រូបង្រៀន គ្រឹះស្ថានបឋមសិក្សាសាធារណៈ មត្តេយ្យសិក្សាសាធារណៈ និងមត្តេយ្យសិក្សាសហគមន៍ នៅរដ្ឋបាលក្រុង ខណ្ឌ និងទិន្នន័យមន្ត្រីបច្ចេកទេសសុខាភិបាលរដ្ឋបាលនៅថ្នាក់ក្រោមជាតិមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្ត្រីបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈជាច្រើនរូប។


កិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានធ្វើមតិស្វាគមន៍ និងបង្ហាញពីគោលបំណងក្នុងការបង្កើតប្រព័ន្ធប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការថ្នាក់ក្រោមជាតិដែលកំពុងបម្រើការងារជាក់ស្តែង ដោយមិនប៉ះពាល់ទៅលើប្រព័ន្ធទិន្នន័យរបស់ក្រសួង-ស្ថាប័នសាមីទេ។ ឯកឧត្តមប្រធាន បានអនុញ្ញាតឱ្យ ឯកឧត្តម ឡុង សារឿន អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមប្រព័ន្ធឌីជីថលនៃក្រសួងមុខងារសាធារណៈ ធ្វើបទបង្ហាញសង្ខេបពីវឌ្ឍនភាពការងារនៃការរៀបចំប្រព័ន្ធ និងលទ្ធផលដែលរំពឹងទុក ព្រមទាំងដាក់ជូនអង្គប្រជុំពិភាក្សា ដោយលើកនូវមតិយោបល់ និងបញ្ហាផ្សេងៗទៅតាមតំណាងក្រសួង-ស្ថាប័ន បានជួបនៅពេលបំពេញការងារជាក់ស្តែង។


ក្រោយពីតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធបានពិភាក្សាការងារដែលបានកំណត់ និងបញ្ហាដែលបានជួបប្រទះ ព្រមទាំងមតិយោបល់ជាធាតុចូលយ៉ាងច្រើនរួចមក អង្គប្រជុំបានគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការប្រមូលទិន្នន័យរបស់ក្រសួងមុខងារសាធារណៈ ដែលកំពុងរៀបចំនៅពេលនេះ និងសម្រេចឯកភាពលើការងារប្រមូលទិន្នន័យជាក់ស្តែងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយយល់ព្រមឱ្យក្រុមការងារបច្ចេកទេសឌីជីថលក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា សហការពិនិត្យលទ្ធភាពផ្តល់ទិន្នន័យមន្ត្រីរាជការតាមការចង់បានរបស់ក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំបញ្ចូលទិន្នន័យមន្ត្រីរាជការថ្នាក់ក្រោមជាតិទៅក្នុងប្រព័ន្ធ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១