កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនិងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងមុខងារសាធារណៈ បានដឹកនាំថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះបានប្រារព្ធឡើងនៅសណ្ឋាគារ ហ្គាដិន ស៊ីធី ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្នុងកិច្ចកាលពីព្រឹកនេះ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ក.ស. ជាតំណាងការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ បានធ្វើបទអន្តរាគមន៍ ស្តីពីវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងភាពប្រទាក់ក្រឡាគ្នាក្នុងយន្តការកែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីជារបាយការណ៍ ក៏ដូចជាធាតុចូលជូនអង្គប្រជុំ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបចំផ្ដួចផ្ដើមដាក់ឱ្យអនុវត្តនូវ «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» មួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគ្រប ដណ្ដប់លើគ្រប់ទិដ្ឋភាពនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ជាតិ។ «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤ ក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ក្នុងឋានៈជានាយករដ្ឋមន្ដ្រីនាពេលនោះ៕