ក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សារៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ៥ ក្រសួងស្ថាប័នទៀត


នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័នចំនួន៥ រួមមានអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, និងអង្គភាពប្រឆាំងអំពើពុករលួយ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំតំណាងក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, រួមទាំងមន្ត្រីបច្ចេកទេសជាច្រើនរូបរបស់ក្រសួងមុខងារសាធារណៈ និងក្រសួងពាក់ព័ន្ធ សរុបចំនួនប្រមាណ ១២០នាក់។


កិច្ចប្រជុំបានដំណើរការទៅដោយ ការធ្វើរបាយការណ៍ និងពិភាក្សាដើម្បីកំណត់ការបរិច្ឆេទសម្រាប់ការប្រឡងប្រជែង រួមទាំងនីតិវិធីនានាអនុលោមគោលការណ៍ដែលមានចែង ហើយដើរស្របតាមនិយាមនីតិវិធីប្រតិបត្តិ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលជាទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។


សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានយកយន្តការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ជាវិធានការគន្លឹះមួយ ក្នុងគោលដៅកែទម្រង់រដ្ឋបាលសាធារណៈ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមុខងារសាធារណៈ មានឆន្ទៈខ្ពស់ក្នុងការផ្តល់ឱកាសស្មើៗគ្នា ក្នុងការប្រឡងប្រជែងជាមន្ត្រីរាជការស៊ីវិល ជាបន្តបន្ទាប់។ សូមរង់ចាំតាមដាន ការផ្សព្វផ្សាយពីឱកាសទាំងអស់នោះ តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១