កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សារកធាតុចូលអំពីសេចក្តីព្រាងនិយាមនីតិវិធីប្រតិបត្តិ(SOP) សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល


លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ(គ.វ.រ.) បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គ.វ.រ.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី ប្រតិភូអមរាជរដ្ឋាភិបាល រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ទាំងអស់ ដែលជាសមាជិក នៃគ.វ.រ. និងក្រុមបច្ចេកទេស នៃគ.វ.រ. និងថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ ព្រមទាំងអភិបាល អភិបាលរង នៃគណអភិបាលរាជធានី-ខេត្ត សរុបចំនួនប្រមាណជិត ២០០នាក់។


ឯកឧត្តមរដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៃអនុគណៈកម្មាធិការប្រតិបត្តិ នៃ គ.វ.រ. ធ្វើបទបង្ហាញ និងរបាយការណ៍វឌ្ឍនភាពនៃការរៀបចំឯកសារនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ជូនអង្គប្រជុំបានស្តាប់ និងពិគ្រោះយោបល់ បញ្ចូលធាតុចូល ស្របតាមតម្រូវការរួមរបស់ក្រសួង-ស្ថាប័ននីមួយៗ ក្នុងការឱ្យនិយាមមួយនេះ ក្លាយជាឯកសារគោលរួមមួយ សម្រាប់គ្រប់ក្រសួង-ស្ថាប័ន យកទៅអនុវត្តន៍។


ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារ និងការចូលរួមរបស់ឯកឧត្តម លោកជំទាវ នៃអង្គប្រជុំទាំងអស់ បានផ្តល់មតិយោបល់យ៉ាងច្រើន ដែលនេះជាអ្វីដែលយើងចង់បានដើម្បីរៀនសូត្រពីកិច្ចពិភាក្សាជាបន្តបន្ទាប់ ដែលចេញពីបទពិសោធន៍របស់យើងទទួលបានមកពីការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ទាំងពីរលើកកន្លងមក ហើយសម្រាប់ថ្ងៃនេះជាការប្រមូលធាតុចូលពីក្រសួង-ស្ថាប័នដោយផ្ទាល់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១