កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើឯកសារទស្សនទាន ស្តីពីការជ្រើសរើស និងការប្រើប្រាស់មន្ត្រីបច្ចេកទេសសុខាភិបាល


នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ នៃ គ.វ.រ. បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើឯកសារទស្សនទាន ស្តីពីការជ្រើសរើស និងការប្រើប្រាស់មន្ត្រីបច្ចេកទេសសុខាភិបាល នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ អគ្គលេខាធិការរង នៃ អ.គ.ក.ស. លោក លោកស្រី ជាប្រធាន ឬតំណាងក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី, ក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ, ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម និងមន្រ្តីជំនាញនៃក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណ ៣០នាក់។


បន្ទាប់ពីបានពិភាក្សា និងពិគ្រោះយោបល់ប្រកបដោយភាពល្អិតល្អន់រួចមក អង្គប្រជុំ បានសម្រេចលើការងារមួយយចំនួនរួមមាន៖

១-រៀបចំកែសម្រួលឯកសារទស្សនាទានអំពីការជ្រើសរើស និងការប្រើប្រាស់មន្ត្រីបច្ចេកទេសសុខាភិបាល ដោយឆ្លុះបញ្ចាំងបន្ថែមពីអត្ថប្រយោជន៍ គុណសម្បត្តិ គុណវិបត្តិ នៃប្រព័ន្ធជ្រើសរើសមន្រ្តី

២-រៀបចំសេចក្តីព្រាងអនុក្រឹត្យពាក់ព័ន្ធលើការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីបច្ចេកទេស ដែលនឹងធ្វើបច្ចុប្បន្នភាពពីអនុក្រឹត្យលេខ២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា។

៣-រៀបចំនិយាមប្រតិបត្តិក្នុងការជ្រើសរើសនិងគ្រប់គ្រងមន្ត្រីបច្ចេកទេស ដើម្បីជាឧបករណ៍គតិយុត្តមូលដ្ឋានសម្រាប់ដាក់ឱ្យអនុវត្តក្នុងការរៀបចំការជ្រើសរើសមន្ត្រីបច្ចេកទេស។


ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំដល់ក្រុមការងារបច្ចេកទេស រៀបចំពិនិត្យ និងកែសម្រួលលើឯកសារនានា ដែលពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីបច្ចេកទេសសុខាភិបាល ដើម្បីត្រៀមប្រជុំបន្តនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១