ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍នៃការបង្កើតអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័ន


ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍នៃការបង្កើតអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័ន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈជាច្រើនរូប។


បន្ទាប់ពីការពិភាក្សាយ៉ាងល្អិតល្អន់ ឯកឧត្តម គង់ សុភី បានស្នើអង្គប្រជុំអោយមានការឯកភាពជាគោលការណ៍លើសំណើចំនួន២ ដូចខាងក្រោម និងគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីពិនិត្យនិងសម្រេច៖


១) កែប្រែសេចក្តីព្រាងអនុក្រឹត្យនេះ ទៅជាសារាចរណែនាំរបស់រាជរដ្ឋាភិបាល ២) បង្កើតក្រុមការងារចំពោះកិច្ចក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីចុះសិក្សាវាយតម្លៃអំពីតម្រូវការ និងទំហំការងារជាក់ស្តែង។


សូមជម្រាបថា ការបង្កើតអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័ន ក្នុងគោលបំណងដើម្បីជំរុញការកសាងរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈឌីជីថលក្នុងការពង្រឹងប្រសិទ្ធភាពនិងសក្តិសិទ្ធិភាពនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១