កិច្ចប្រជុំពិនិត្យលើលទ្ធផលនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ


ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានដឹកនាំកិច្ចប្រជុំគណៈកម្មការបន្តនីតិវិធីពិនិត្យលើលទ្ធផលនៃការវាយតម្លៃនៅទីតាំងជាក់ស្តែងបេក្ខភាពសម្រាំង អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពគំរូ របស់គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ និងស្ថាប័នអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។


កិច្ចប្រជុំនេះធ្វើឡើង បន្ទាប់ពីគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. បានចុះពិនិត្យនិងវាយតម្លៃ ទីតាំងផ្ទាល់ជាក់ស្តែង សម្រាប់បេក្ខភាពសម្រាំងអនុវិទ្យាល័យ និងបឋមសិក្សា ព្រមទាំងមណ្ឌលសុខភាពគំរូ ក្នុងគោលបំណងជ្រើសរើសបេក្ខភាពគំរូឆ្នើមប្រចាំឆ្នាំ ដើម្បីឈានទៅដល់ការប្រកាសជ័យលាភីចុងក្រោយ។


ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគុណតម្លៃនៃដំណើរការការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ហើយក៏បានលើកបន្ថែមផងទៀតថា កិច្ចការនេះគឺជាការបំផុសស្មារតីប្រកួតប្រជែងបន្ថែមទៀត ជាពិសេសនៅក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ និងធ្វើទំនើបកម្មស្ថាប័ន ដើម្បីផ្តល់សេវាសាធារណៈជូនទៅដល់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១