ឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្របខណ្ឌឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា


កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡង បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារនានា ឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្របខណ្ឌឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងអនុប្រធាន សមាជិកនៃអនុគណៈកម្មការនានា សរុបចំនួនប្រមាណ ៣០០នាក់។


អង្គប្រជុំទាំងអស់បានស្តាប់របាយការណ៍ស្តីពី៖ ១)វឌ្ឍនភាពការរៀបចំមណ្ឌលប្រឡង ២)ការណែនាំសមាសភាពអនុគណៈកម្មការនិងក្រុមការងារនានាសម្រាប់ដំណើរការនៃការប្រឡង ៣)តួនាទីភារកិច្ច និងទំនួលខុសត្រូវក្នុងការអនុវត្តរបស់អនុគណៈកម្មការ និងក្រុមការងារនានា ៤)យន្តការនៃការរៀបចំវិញ្ញាសារប្រឡងនិងនីតិវិធីដាក់ពិន្ទុរក្នុងថ្ងៃប្រឡង ៥)កំណត់យកទីតាំងបំពេញភារកិច្ចរបស់អនុគណៈកម្មការនានា និង ៦)សេចក្តីណែនាំ និងបទប្បញ្ញត្តិនានា ព្រមទាំងពិភាក្សាអំពីបញ្ហាផ្សេងៗ ដែលធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន និងធានាបានតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។


សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្របខណ្ឌឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងប្រព្រឹត្តទៅដោយបែងចែកជា២ ប្រភេទវិញ្ញាសាគឺ៖ (១) ប្រភេទវិញ្ញាសាសរសេរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង(២) ប្រភេទវិញ្ញាសាអនុវត្តកីឡា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅមណ្ឌលប្រឡងវិទ្យាស្ថានអប់រំកាយ និងកីឡា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១