កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ ឯកសារនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ និងឯកសារទស្សនទាន ស្តីពីការជ្រើសរើស និងការប្រើប្រាស់មន្ត្រីបច្ចេកទេសសុខាភិបាល
នារសៀលទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើឯកសារនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ និងឯកសារទស្សនទាន ស្តីពីការជ្រើសរើស និងការប្រើប្រាស់មន្ត្រីបច្ចេកទេសសុខាភិបាល នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួម តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងជំនួយការសម្តេចធិបតី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល តំណាងក្រុមអ្នកច្បាប់ ព្រមទាំងថ្នាក់ដឹកនាំ និងអង្គភាពជំនាញ របស់ក្រសួងមុខងារសាធារណៈ មានចំនួនសរុបប្រមាណ ៧០នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបខ្លឹមសារគោលនៃសេចក្តីព្រាងនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ រួចមក អង្គប្រជុំបានពិភាក្សាដើម្បីប្រមូលផ្តល់ធាតុចូលបន្ថែម ក្នុងកែសម្រួលនូវចំណុចខ្វះខាតលើការរៀបចំសេចក្តីព្រាងនិយាមនីតិវិធីប្រតិបត្តិនេះ។
ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានផ្តល់មតិយោបល់ដែលជាធាតុចូលយ៉ាងផុលផុស និងឯកភាពទៅលើចំណុចសំខាន់ៗ ដើម្បីឱ្យនិយាមនេះ មានលក្ខណៈសង្គតិភាព និងជាគោលការណ៍រួម សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ប្រកបដោយតម្លាភាព យុត្តិធម៌ បរិយាបន្ន ស្របតាមប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ថា“ការប្រលងជ្រើសរើសមន្ត្រីថ្មី គឺដាច់ខាតត្រូវតែមានសុក្រឹត្យភាព ឱ្យអ្នកចេះ គឺជាប់” រួមមាន៖ ១)កែសម្រួលអក្ខរាវិរុទ្ធ ២)កែសម្រួលពាក្យពេចន៍ ឃ្លា និងខ្លឹមសារមួយចំនួន ៣)បន្ថែមនិងលុបចំណុចមួយចំនួន ៤)កំណត់ឱ្យក្រុមការងារពិចារណាបន្ថែមសទ្ទានុក្រមពាក្យគន្លឹះមួយចំនួន(ភាសាខ្មែរនិងភាសាអង់គ្លេស)។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការរបស់អង្គប្រជុំ ដែលបានផ្តល់មតិយោបល់ ជាធាតុចូលក្នុងការរៀបចំ និងកែសម្រួលនិយាមនេះ ព្រមទាំងបានណែនាំបន្ថែមដល់ក្រុមការងារ ត្រូវបន្តសហការលើការកែសម្រួលតាមទម្រង់ដែលកំណត់ដោយស្មារតីនៃអង្គប្រជុំ និងកំណត់បន្តកិច្ចប្រជុំផ្ទៃក្នុងក្រសួង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីពិនិត្យបន្ថែម ក្នុងការធានាឱ្យបាននូវនិយាមនីតិវិធិប្រតិបត្តិស្តង់ដារួម ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕