កិច្ចប្រជុំពិភាក្សាសំណើសុំកែសម្រួល និងបំពេញបន្ថែមរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល


នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាសំណើសុំកែសម្រួល និងបំពេញបន្ថែមរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួម តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំនិងអង្គភាពជំនាញក្រសួងមុខងារសាធារណៈ មានចំនួនសរុបប្រមាណ ៤០នាក់។


បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ សាវតា និងសេចក្តីព្រាងអនុក្រឹត្យ ដោយឯកឧត្តម លី សុវណ្ណារិទ្ធ រដ្ឋលេខាធិការ និងមន្ត្រីជំនាញ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួចមក អង្គប្រជុំបានពិភាក្សាផ្តល់ធាតុចូលបន្ថែមជាច្រើន ដើម្បីកែសម្រួលនូវចំណុចខ្វះខាតលើការរៀបចំសេចក្តីព្រាងរចនាសម្ព័ន្ធថ្មីនេះ។


ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាពទៅលើចំណុចសំខាន់ៗរួមមាន៖ ១)ការវិភាគមុខងារ (កិច្ចការគាំទ្រ, គោលនយោបាយ, បច្ចេកទេស) ២)កែសម្រួលទៅលើជំពូក និងមាត្រាមួយចំនួន ៣)កំណត់កែសម្រួលលើទម្រង់រចនាសម្ព័ន្ធ ៤)កំណត់ និងកែសម្រួលបែងចែកនាយកដ្ឋានចំណុះតាមអគ្គនាយកដ្ឋាននីមួយៗ។


ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការអនុវត្តការងារកន្លងមក ប្រកបដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងបានណែនាំបន្ថែមដល់អង្គប្រជុំ ត្រូវបន្តសហការលើការតាក់តែង និងកែសម្រួលតាមទម្រង់ដែលបានកំណត់ ក្នុងការធានាឱ្យបាននូវស្តង់ដារួម ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១